ស្ថានីយ VVIP អាកាសយានដ្ឋានតេជោ សាងសង់រួចរាល់ ១០០% ត្រៀមទទួលថ្នាក់ដឹកនាំពិភពលោកក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី
អគារស្ថានីយអ្នកដំណើរពិសេស VVIP នៃអាកាសយានដ្ឋានអន្តរជាតិតេជោ បានបញ្ចប់ការសាងសង់រួចរាល់ ១០០% ដោយរួមបញ្ចូលយ៉ាងផ្ចិតផ្ចង់រវាងអត្តសញ្ញាណស្ថាបត្យកម្មខ្មែរ និងស្តង់ដារបច្ចេកវិទ្យាទំនើបនៃអាកាសចរណ៍ស៊ីវិល ដើម្បីត្រៀមលក្ខណៈបដិសណ្ឋារកិច្ចទទួលថ្នាក់ដឹកនាំជាន់ខ្ពស់ មកពីប្រទេសជាច្រើនសម្រាប់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី។
ហេដ្ឋារចនាសម្ព័ន្ធអគារ VVIP នៃអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលទើបបញ្ចប់ការសាងសង់ នឹងបង្ហាញទស្សនវិស័យស្ថាបត្យកម្ម ដែលឆ្លុះបញ្ចាំងពីភាពថ្លៃថ្នូរនៃសិល្បៈខ្មែរ រួមបញ្ចូលជាមួយបច្ចេកវិទ្យា និងមុខងារប្រើប្រាស់សម័យទំនើប។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ អគារនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់បរិយាកាសកក់ក្តៅ សមរម្យបំផុតសម្រាប់ការទទួលភ្ញៀវកិត្តិយសជាថ្នាក់ដឹកនាំជាន់ខ្ពស់ ដោយរក្សាបាននូវកម្រិតសុវត្ថិភាព សន្តិសុខ ប្រសិទ្ធភាពប្រតិបត្តិការ និងភាពងាយស្រួលខ្ពស់។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចុះទៅពិនិត្យផ្ទាល់នៅស្ថានីយអ្នកដំណើរពិសេស VVIP នេះ កាលពីថ្ងៃទី ៣០ តុលា ឆ្នាំ ២០២៦។
តំណាងក្រុមហ៊ុនអាកាសយានដ្ឋានតេជោ បានឱ្យដឹងថា អត្តសញ្ញាណស្ថាបត្យកម្មនៃអគារ VVIP នេះ ត្រូវបានរៀបចំឡើងតាមរយៈធាតុផ្សំសំខាន់ៗចំនួនប្រាំ ដែលរួមមាន រចនាបថដំបូលកោងឡើងចុះបំផុសពីប្រាសាទបុរាណ ទម្រង់អគារផ្ដេកវែងមានសមតុល្យ ជាមួយសម្ភារៈពណ៌ត្នោតក្រហម និងកញ្ចក់ធន់នឹងអាកាសធាតុត្រូពិច។
ជាងនេះទៅទៀត ទេសភាព និងបរិស្ថានធម្មជាតិជុំវិញអគារ ព្រមទាំងលំហខាងក្នុងដែលតុបតែងដោយចម្លាក់ និងស្នាដៃសិល្បៈប្រវត្តិសាស្ត្រខ្មែរ នឹងផ្ដល់បទពិសោធន៍បដិសណ្ឋារកិច្ចប្រកបដោយព្រលឹងជាតិ និងភាពថ្លៃថ្នូរ។ ស្ថានីយអ្នកដំណើរពិសេស VVIP នេះ ត្រូវបានដាក់ឲ្យដំណើរការសាកល្បង កាលពីថ្ងៃទី ១ ខែវិច្ឆិកាកន្លងទៅ។
ពាក់ព័ន្ធនឹងការងារបច្ចេកទេស និងបទប្បញ្ញត្តិ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបន្ថែមថា ក្នុងនាមជាអាជ្ញាធរមានសមត្ថកិច្ច រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានចូលរួមត្រួតពិនិត្យ និងសម្របសម្រួល ដើម្បីធានាថាការអភិវឌ្ឍ និងប្រតិបត្តិការអគារ VVIP មិនប៉ះពាល់ដល់សុវត្ថិភាព និងសន្តិសុខអាកាសចរណ៍ឡើយ។ ការពិនិត្យអនុវត្តយ៉ាងម៉ឺងម៉ាត់លើភាពស្របតាមផែនការមេ ការគ្រប់គ្រងកម្ពស់សំណង់ ការចូលចេញតំបន់រឹតបន្តឹង ប្រព័ន្ធសន្តិសុខ ការឆ្លើយតបគ្រាអាសន្ន និងការសម្របសម្រួលសណ្តាប់ធ្នាប់យានយន្ត និងអ្នកដំណើរពិសេស គឺត្រូវធ្វើឡើងស្របតាមបទប្បញ្ញត្តិជាតិ និងស្តង់ដារអន្តរជាតិ។
គម្រោងនេះសម្រេចបានដោយជោគជ័យតាមរយៈកិច្ចសហការរវាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រតិបត្តិករអាកាសយានដ្ឋាន ម្ចាស់គម្រោង ស្ថាប័នពិធីការរដ្ឋ អាជ្ញាធរសន្តិសុខ អន្តោប្រវេសន៍ គយ និងភាគីពាក់ព័ន្ធ ចាប់តាំងពីដំណាក់កាលរចនា រហូតដល់ការសាកល្បងប្រព័ន្ធ និងការត្រៀមប្រតិបត្តិការជាក់ស្តែង។
សូមជម្រាបថា អគារស្ថានីយអ្នកដំណើរពិសេស VVIP ថ្មីនេះ មិនត្រឹមតែជាចំណុចសម្គាល់ស្ថាបត្យកម្មដ៏លេចធ្លោ និងលើកកម្ពស់មុខមាត់បដិសណ្ឋារកិច្ចរបស់កម្ពុជាលើឆាកអន្តរជាតិនោះទេ ប៉ុន្តែថែមទាំងដើរទន្ទឹមគ្នាយ៉ាងរឹងមាំជាមួយនឹងអនុលោមភាពផ្នែកនិយតកម្ម ការគ្រប់គ្រងហានិភ័យ និងចីរភាពនៃការចំណាយប្រតិបត្តិការផងដែរ៕ ទួន សុផល


