ជិះឆ្លងកាត់ចម្ងាយ ១៦,០០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ម៉ូតូផលិតនៅកម្ពុជាត្រូវបានដាក់តាំងបង្ហាញនៅទីក្រុងមីឡាន ប្រទេសអ៊ីតាលី
រាជធានីភ្នំពេញ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ម៉ូតូមួយគ្រឿងដែលរចនា និងផលិតនៅប្រទេសកម្ពុជា ត្រូវបានដាក់តាំងបង្ហាញ ក្នុងសប្តាហ៍នេះ នៅការតាំងពិព័រណ៍ EICMA ក្នុងទីក្រុងមីឡាន ប្រទេសអ៊ីតាលី ដែលជាពិព័រណ៍ម៉ូតូដ៏ធំបំផុតមួយលំដាប់អន្ដរជាតិ។ ម៉ូតូ Calypso Xplorer មិនត្រូវបានដឹកជញ្ជូន តាមនាវានោះឡើយ ពោលម៉ូតូស៊េរីថ្មីនេះ ត្រូវបានជិះផ្ទាល់ពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងមីឡាន។ ក្រុមហ៊ុន Calypso Motors បានឱ្យដឹងថា នេះគឺជាលើកទី១ សម្រាប់ម៉ូតូដែលផលិតនៅកម្ពុជា ដែលធ្វើដំណើររាប់ម៉ឺនគីឡូម៉ែត្រ និងបង្ហាញខ្លួន នៅក្នុងព្រឹត្ដិការណ៍អន្ដរជាតិ។
ទូតសុឆន្ទៈតំណាងឱ្យក្រុមហ៊ុន Calypso គឺលោក Frost ZK បានចេញដំណើរពីរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ។ ក្នុងរយៈពេលជាង ៣ខែកន្លងមកនេះ លោកបានជិះម៉ូតូ Calypso Xplorer ក្នុងចម្ងាយជាង ១៦,០០០ គីឡូម៉ែត្រ និងឆ្លងកាត់ប្រទេសចំនួន ១៥ ដោយធ្វើដំណើរឆ្លងកាត់តំបន់អាស៊ី អាស៊ីកណ្តាល និងអឺរ៉ុប មុនពេលទៅដល់ទីក្រុងមីឡាន ប្រទេសអ៊ីតាលី ។ ម៉ូតូដែលបានប្រើប្រាស់ក្នុងការធ្វើដំណើរនេះ កំពុងត្រូវបានដាក់តាំងបង្ហាញនៅស្តង់របស់ក្រុមហ៊ុន Calypso Motors ក្នុងពិព័រណ៍ EICMA ដែលនឹងប្រព្រឹត្តទៅរហូតដល់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ សម្រាប់ក្រុមហ៊ុនផលិតទោចក្រយានយន្ដខ្មែរមួយនេះ ការធ្វើដំណើរនេះ មានអត្ថន័យដ៏ធំធេង លើសពីការធ្វើដំណើររបស់ម៉ូតូមួយគ្រឿងទៅទៀត ។

លោក Ivan Ting នាយកប្រតិបត្តិក្រុមហ៊ុន Calypso Motors បានមានប្រសាសន៍ថា៖ “ជាមួយនឹងវិស្វករកម្ពុជាជំនាន់ថ្មី យើងកំពុងបង្ហាញឱ្យពិភពលោក ឱ្យបានឃើញពីសមត្ថភាពរបស់ពួកគេ។ កម្ពុជាលែងជាប្រទេស ដែលគ្រាន់តែទិញម៉ូតូពីបរទេសទៀតហើយ។ យើង ក៏មានសមត្ថភាពផលិតម៉ូតូ ដែលមានគុណភាពល្អបានដែរ ហើយយើងចង់បង្ហាញឱ្យពិភពលោកបានឃើញថា យុវជនជំនាន់ថ្មីរបស់កម្ពុជា មានសមត្ថភាពធ្វើអ្វីបានខ្លះ។“
បើកទទួលការកក់ទុកមុន នៅក្នុងប្រទេសកម្ពុជា
នៅប្រទេសកម្ពុជា ក្រុមហ៊ុន Calypso Motors បានចាប់ផ្តើមទទួលការចុះឈ្មោះកក់ទុកមុនរួចហើយ ដោយសារតែម៉ូតូផលិតលើកដំបូងនេះ មានចំនួនកំណត់ ។ ពិធីសម្ពោធជាផ្លូវការ នឹងប្រព្រឹត្តទៅ នៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលតាំងបង្ហាញម៉ូតូថ្មី ដែលក្រុមហ៊ុន Calypso Motors សហការបើកជាមួយ VM Motorshop ដែលមានទីតាំងស្ថិតនៅជិតផ្សារដេប៉ូ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។ កម្មវិធីនេះ នឹងរៀបចំឡើងនៅពេលល្ងាច ក្រោមប្រធានបទ «Fresh from Milan» (មកថ្មីៗពីទីក្រុងមីឡាន) ដោយមានការចូលរួមពីតំណាងចែកចាយទាំង ៨ របស់ក្រុមហ៊ុន Calypso Motors បណ្ដាដៃគូសហការ និងអ្នកសារព័ត៌មាន ។
អតិថិជន អាចធ្វើការកក់ទុកមុនសម្រាប់ម៉ូតូ Calypso Xplorer ដោយគ្រាន់តែបង់ប្រាក់កក់ចំនួន ១០០ ដុល្លារអាមេរិក ប៉ុណ្ណោះ ។ ក្នុងអំឡុងពេលនៃការកក់ទុកមុន ដែលនឹងបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៦ ម៉ូតូនេះមានតម្លៃពិសេសត្រឹមតែ ២,៩៨០ ដុល្លារអាមេរិក ប៉ុណ្ណោះ ។ បន្ទាប់ពីផុតរយៈពេលកក់ទុកមុននេះ តម្លៃលក់ផ្លូវការរបស់ម៉ូតូ Calypso Xplorer នឹងលក់ក្នុងតម្លៃដើម ៣,២៨០ ដុល្លារអាមេរិក ។ សម្រាប់ការប្រគល់ម៉ូតូ នឹងប្រព្រឹត្ដទៅ នៅក្នុងខែធ្នូ ដែលមានចំនួនកំណត់ត្រឹមតែ ៦០ គ្រឿងប៉ុណ្ណោះ ដោយផ្តល់អាទិភាពជូនអតិថិជន ដែលបានកក់មុន តាមលំដាប់មុនក្រោយ។

ម៉ូតូ Calypso Xplorer ស៊េរីថ្មីទាំងស្រុង
ម៉ូតូ Calypso Xplorer គឺជាម៉ូតូប្រភេទ Adventure Scooter លេខអូតូ ដែលមានកម្លាំងម៉ាស៊ីន 180cc ជាមួយនឹងការរចនារូបរាងថ្មីទាំងស្រុង ដើម្បីជំនួសម៉ូដែល Xplorer 150 ជំនាន់មុនរបស់ក្រុមហ៊ុន។ ម៉ូតូនេះ បំពាក់ដោយម៉ាស៊ីន ភ្ជាប់ជាមួយប្រព័ន្ធទឹកស្អុំបញ្ចុះកម្ដៅ និងប្រព័ន្ធបាញ់ ប្រេងឥន្ធនៈ Bosch មកពីប្រទេសអាល្លឺម៉ង់ ព្រមទាំងប្រព័ន្ធហ្វ្រាំង ABS ប្រព័ន្ធគ្រប់គ្រងការរអិលកង់ (Traction Control) និងអេក្រង់ឆ្លាតវៃ Touchscreen ។ លើសពីនេះ ម៉ូតូ Calypso Xplorer ក៏ត្រូវបានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពឆ្លាតវៃ Startec Intelligent Safety (SI) ដែលអាចផ្ញើសារជូនដំណឹង នៅពេលមានគ្រោះថ្នាក់ និងអនុញ្ញាតឱ្យម្ចាស់ម៉ូតូ អាចបញ្ជាពន្លត់ម៉ាស៊ីន ពីចម្ងាយតាមរយៈទូរស័ព្ទដៃ ក្នុងករណីម៉ូតូត្រូវបានលួច នៅពេលម៉ូតូចតដោយសុវត្ថិភាព ផងដែរ។ ម៉ូតូនេះម៉ូដែលនេះ មានជម្រើសពណ៌ចំនួន ២ គឺ ពណ៌ខ្មៅ និងពណ៌ស។

អំពីក្រុមហ៊ុន Calypso Motors
ក្រុមហ៊ុន Calypso Motors ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ និងជាក្រុមហ៊ុនផលិតម៉ូតូដំបូងគេ នៅប្រទេសកម្ពុជា។ ក្រុមហ៊ុនផលិតទោចក្រយានយន្ដខ្មែរមួយនេះ មានជំនាញក្នុងការរចនា និងដំឡើងម៉ូតូ នៅរាជធានីភ្នំពេញ ដោយផ្តោតសំខាន់លើសុវត្ថិភាពរបស់បើកបរ និងការបំពាក់បច្ចេកវិទ្យាឆ្លាតវៃ ដែលត្រូវបានរចនាឡើងឱ្យសមស្របនឹងស្ថានភាពផ្លូវថ្នល់ នៅប្រទេសកម្ពុជា៕






