ពីប្រាក់រៀលក្នុងដៃ ទៅប្រាក់រៀលក្នុងទូរសព្ទ៖ ធនាគារជាតិអំពាវនាវឱ្យគ្រប់ភាគី រួមគ្នាលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល
ភ្នំពេញ៖៖ ពីប្រាក់រៀលដែលយើងកាន់នៅក្នុងដៃ ទៅជាប្រាក់រៀលដែលយើងអាចចាយវាយបានយ៉ាងរហ័សតាមទូរសព្ទដៃ។ នេះគឺជាការបោះជំហានយ៉ាងលឿននៃបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា តាមរយៈប្រព័ន្ធទូទាត់ឌីជីថល ដែលធ្វើឱ្យការចាយវាយប្រាក់រៀលកាន់តែមានភាពរស់រវើកក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ជាមួយគ្នានេះធនាគារជាតិនៃកម្ពុជាបានបញ្ជាក់បន្ថែមថា ការលើកកម្ពស់ប្រាក់រៀលឱ្យកាន់តែរឹងមាំ មិនមែនជាភារកិច្ចរបស់ធនាគារជាតិតែម្នាក់ឯងនោះទេ តែទាមទារឱ្យមានការចូលរួមជាកម្លាំងយុទ្ធសាស្ត្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចយ្យអរ(KHQR)” នៅខេត្តកំពតកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ប្រាក់រៀល មិនមែនគ្រាន់តែជាក្រដាសប្រាក់សម្រាប់ចាយវាយប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃអត្តសញ្ញាណជាតិ និងអធិបតេយ្យភាពរូបិយវត្ថុកម្ពុជាទាំងមូល។
ដើម្បីឱ្យប្រាក់រៀលកាន់តែមានសក្តានុពល ឯកឧត្តមបានជំរុញឱ្យក្រសួង ស្ថាប័ន វិស័យឯកជន និងប្រជាពលរដ្ឋ រួមគ្នាបង្កើតទម្លាប់ប្រើប្រាស់ប្រាក់រៀល។ ជាក់ស្តែងអាជីវករគួរដាក់ស្លាកតម្លៃទំនិញជាប្រាក់រៀល ,ចំណែកក្រុមហ៊ុនគួរពង្រីកការបើកប្រាក់បៀវត្សជាប្រាក់រៀលជូនបុគ្គលិក ខណៈប្រជាពលរដ្ឋគួរបើកគណនីសន្សំ និងធ្វើការទូទាត់នានាជាប្រាក់រៀល។
ឯកឧត្តម យឹម លាត បន្តថា បច្ចុប្បន្នភាពងាយស្រួលនៃការចាយវាយ ត្រូវបានជំរុញយ៉ាងខ្លាំងដោយប្រព័ន្ធបាគង និងស្តង់ដា KHQR ដែលអនុញ្ញាតឱ្យការទូទាត់ឆ្លងធនាគារកាន់តែរលូន។ លើសពីនេះ ធនាគារជាតិក៏បានពង្រីកវិសាលភាពនេះ តាមរយៈការដាក់ឱ្យប្រើប្រាស់ «កម្មវិធីបាគងទេសចរ» ជួយឱ្យភ្ញៀវបរទេសអាចស្កេនទូទាត់តាម KHQR យ៉ាងងាយស្រួលដោយភ្ជាប់ជាមួយកាត Visa, Mastercard ឬ UnionPay និងការបង្កើត «កម្មវិធីបាគងយុវ័ន» ដើម្បីបណ្តុះទម្លាប់ និងចំណេះដឹងហិរញ្ញវត្ថុដល់យុវជនតាំងពីវ័យក្មេងផងដែរ។
ទន្ទឹមនឹងភាពងាយស្រួលនៃប្រព័ន្ធឌីជីថលនេះ ឯកឧត្តម យឹម លាត ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវពិនិត្យមើលឈ្មោះអ្នកទទួល ទឹកប្រាក់ និងប្រភេទរូបិយប័ណ្ណឱ្យបានច្បាស់លាស់មុននឹងចុចបញ្ជាក់ (Confirm) ក៏ដូចជាត្រូវពិនិត្យមើលលក្ខណៈសុវត្ថិភាពក្រដាសប្រាក់ធំៗពេលទូទាត់ដោយផ្ទាល់ដៃ ដើម្បីបញ្ចៀសហានិភ័យនៃក្រដាសប្រាក់ក្លែងក្លាយ ៕
ដោយ៖ វណ្ណលុក








