លោក Trump ផ្តាច់ជំនួយប្រចាំឆ្នាំ ៤ ពាន់លានដុល្លារដល់ អ៊ីស្រាអែល, បក្សប្រឆាំងថា អាមេរិក លែងជឿលោក Netanyahu

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងបញ្ឈប់ផ្ដល់ជំនួយប្រចាំឆ្នាំជិត ៤ ពាន់លានដុល្លារដល់អ៊ីស្រាអែល ។

ការប្រកាសផ្ដាច់ជំនួយរបស់លោក ត្រាំ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីការបោះឆ្នោតសភានៅក្នុងប្រទេសអ៊ីស្រាអែលត្រូវបានបិទបញ្ចប់ ។

លោក ត្រាំ និយាយថា អ៊ីស្រាអែលគឺជាប្រទេសដែលមានការរីកចម្រើនខ្លាំង ដូច្នេះ ពួកគេមិនត្រូវការជំនួយនេះនោះទេ ។ លោកថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក៏បានយល់ព្រម ចំពោះការសម្រេចចិត្តបញ្ឈប់ជំនួយនេះផងដែរ ។

ចាប់តាំងពីការបង្កើតប្រទេសនៅឆ្នាំ ១៩៤៨ មក, អ៊ីស្រាអែលបានទទួលជំនួយសេដ្ឋកិច្ច និងយោធាពីសហរដ្ឋអាមេរិកដែលមានតម្លៃសរុបជាង ៣០០ ពាន់លានដុល្លារ ដែលជាចំនួនច្រើនជាងប្រទេសដទៃទៀតទាំងអស់ ក្នុងរយៈពេលដូចគ្នានេះ ។

បើតាម CNA, ការប្រកាសផ្តាច់ជំនួយនេះ ទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់លោក Gadi Eisenkot ដែលជាមេដឹកនាំបក្សប្រឆាំងអ៊ីស្រាអែល ។ លោក Eisenkot លើកឡើងថា ការបញ្ឈប់ផ្ដល់ជំនួយប្រចាំឆ្នាំ៤ ពាន់លានដុល្លារបស់អាមេរិកមកកាន់អ៊ីស្រាអែលមាន័យថា អាមេរិកលែងទុកចិត្តលោក Netanyahu ទៀតហើយ ។ លោកថា ការផ្ដាច់ជំនួយនេះទៀតសោត គឺតម្រូវឲ្យលោក Netanyahu ត្រូវតែចុះចេញពីតំណែងផងដែរ ។

ជុំវិញការផ្តាច់ជំនួយរបស់អាមេរិកនេះដែរ កន្លងមកលោក Netanyahu ក៏ធ្លាប់បានបង្ហាញបំណងចង់បញ្ចប់ការពឹងផ្អែកលើជំនួយរបស់សហរដ្ឋអាមេរិកនេះផងដែរ។

ជាក់ស្តែង កាលពីខែឧសភា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលវ័យ ៧៧ ឆ្នាំរូបនេះបានប្រាប់បណ្តាញផ្សព្វផ្សាយអាមេរិក CBS ថា លោកចង់កាត់បន្ថយការគាំទ្រពីទីក្រុងវ៉ាស៊ីនតោន ឱ្យមកនៅត្រឹមកម្រិតសូន្យ។

យ៉ាងណា គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើជំនួយរបស់សហរដ្ឋអាមេរិកដល់អ៊ីស្រាអែល ៣.៨ពាន់លានដុល្លារ ដែលធ្លាប់តែផ្តល់ឲ្យរៀងរាល់ឆ្នាំនោះ នឹងត្រូវបញ្ចប់ទាំងស្រុង នៅពេលណា ជាក់លាក់នៅឡើយទេ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner