អ៊ីរ៉ង់ ដាក់លក្ខខណ្ឌចំនួន ២ បើ អាមេរិក យល់ព្រម ច្រកសមុទ្រ Hormuz នឹងបើកឡើងបិញត្រឹម ៤៨ ម៉ោងប៉ុណ្ណោះ
ប៉េកាំង ៖ ប្រមុខការទូតកំពូលអ៊ីរ៉ង់បានដាក់លក្ខខណ្ឌចំនួន ២ ទៅកាន់សហរដ្ឋអាមេរិក ខណៈក្នុងករណីទីក្រុងវ៉ាស៊ីនតោនយល់ព្រម នោះប្រទេសរបស់ខ្លួននឹងបើកច្រកសមុទ្រ ហ័រមូស ឡើងវិញ ដោយត្រឹមពេលតែ ២ ថ្ងៃប៉ុណ្ណោះ ។
លក្ខខណ្ឌដំបូងក្នុងចំណោមលក្ខខណ្ឌទាំង ២ នេះ គឺអ៊ីរ៉ង់ទាមទារឱ្យគូជម្លោះអាមេរិកត្រូវតែលុបចោលទណ្ឌកម្ម ដែលបានដាក់ក្នុងពេលប៉ុន្មានខែចុងក្រោយនេះ ។ ចំណែកលក្ខខណ្ឌទី២ ភាគីអ៊ីរ៉ង់តម្រូវឱ្យអាមេរិកត្រូវតែកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួន ដែលឈរជើងនៅក្នុងតំបន់មជ្ឈិមបូព៌ា ។
ក្រៅពីលក្ខខណ្ឌទាំង ២ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ក៏បានទាមទារឱ្យភាគីអាមេរិកត្រូវតែទទួលយកផ្លូវធ្វើនាវាចរណ៍ថ្មីមួយ តាមរយៈច្រកសមុទ្រ ហ័រមូស ដែលអ៊ីរ៉ង់ និងអូម៉ង់បានព្រមព្រៀងគ្នាផងដែរ ។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei ក៏បានអះអាងដែរថា ប្រសិនបើការទាមទាររបស់ខ្លួនត្រូវបានបំពេញ នោះការស្តារសន្តិសុខនៅច្រកសមុទ្រ ហ័រមូស ឡើងវិញ និងការបន្តដំណើរការចរចា គឹអាចធ្វើទៅបានក្នុងរយៈពេលដ៏ខ្លី ។
បើតាម CNA, ចាប់តាំងពីសង្គ្រាមនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងកាលពីចុងខែកុម្ភៈមក ភាគីអ៊ីរ៉ង់បានប្រកាសពីការគ្រប់គ្រងស្ទើរតែទាំងស្រុងលើច្រកសមុទ្រ ហ័រមូស ដែលជាផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់របស់ពិភពលោក ។
ជាក់ស្តែង អ៊ីរ៉ង់បានបើកការវាយប្រហារជាបន្តបន្ទាប់លើនាវាដឹកទំនិញនានា ដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ដោយគ្មានការអនុញ្ញាតពីខ្លួន ខណៈអាមេរិកបានដាក់ចេញវិធានការបិទខ្ទប់ផ្លូវសមុទ្រលើកំពង់ផែអ៊ីរ៉ង់វិញ ។
យ៉ាងណា កាលពីខែកញ្ញា អ៊ីរ៉ង់បានដាក់សំណើរលើកដំបូងមួយ ដោយភ្ជាប់នូវលក្ខខណ្ឌមួយចំនួន ដើម្បីបើកច្រកសមុទ្រ ហ័រមូស ឡើងវិញក្នុងពេល ៧ ថ្ងៃ និងបានបញ្ជូនវាទៅកាន់អាមេរិកតាមរយៈប្រទេសកាតា ។
លក្ខខណ្ឌរបស់អ៊ីរ៉ង់ រួមមាន ការបញ្ចប់សង្គ្រាមនៅគ្រប់សមរភូមិ, ការដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលត្រូវបានបង្កកនៅបរទេស, ការលុបចោលទណ្ឌកម្មលើវិស័យប្រេង និងការបញ្ចប់ការបិទផ្លូវសមុទ្រ ដោយកងទ័ពជើងទឹកអាមេរិកនៅតាមកំពង់ផែរបស់អ៊ីរ៉ង់ ។ យ៉ាងណា លក្ខខណ្ឌទាំងនេះមិនបានសម្រេចនោះឡើយ ដោយសារតែអាមេរិកបានបដិសេធ ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា
