លោក Vance ថា សង្គ្រាមអ៊ីរ៉ង់ ជាមូលហេតុធ្វើឱ្យគណបក្សសាធារណរដ្ឋចាញ់ឆ្នោត
វ៉ាស៊ីនតោន ៖ ការធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ គឺជាមូលហេតុចម្បងមួយ ដែលធ្វើឱ្យគណបក្សសាធារណរដ្ឋបាត់បង់ជ័យជម្នះ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ នេះបើតាមការអះអាងរបស់លោកអនុប្រធានាធិបតីអាមេរិក JD Vance កាលពីថ្ងៃ ពុធ ។
បើតាម BBC, លោក Vance បានបញ្ជាក់តាមបណ្តាញសង្គម X ថា មូលហេតុដែលយើងចាញ់ឆ្នោត គឺដោយសារតែសង្គ្រាមអ៊ីរ៉ង់ ។ លោកបានបន្ថែមថា បញ្ហានេះ បានធ្វើឱ្យអ្នកបោះឆ្នោតដែលធ្លាប់គាំទ្រលោក Trump និងរូបលោក កាលពីឆ្នាំ២០២៤ សម្រេចចិត្តបោះឆ្នោតឱ្យគណបក្សប្រជាធិបតេយ្យវិញក្នុងឆ្នាំ២០២៦នេះ ។
ក្រៅពីបញ្ហាសង្គ្រាម លោក Vance ក៏បានអះអាងដែរផងថា ទិន្នន័យពីអ្នកស្ទង់មតិក៏បានបង្ហាញពីការមិនពេញចិត្តរបស់ប្រជាជនលើការកើនឡើងតម្លៃរស់នៅ និងអតិផរណា ។
លោកថា ជាពិសេសតម្លៃប្រេងឥន្ធនៈដែលហក់ឡើងខ្ពស់ដោយសារសង្គ្រាម រួមទាំងការចង់ឱ្យរដ្ឋាភិបាលផ្តោតលើគោលនយោបាយ “American First” និងការផ្លាស់ប្តូរទំនាក់ទំនងរវាងអាមេរិក និងអ៊ីស្រាអែល ។
ការអត្ថាធិប្បាយរបស់លោក Vance ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់កាសែត The Wall Street Journal កាលពីយប់ថ្ងៃ អង្គារ ថា សង្គ្រាមអ៊ីរ៉ង់ គឺជាកត្តាមួយដែលរួមចំណែកធ្វើឱ្យគណបក្សសាធារណរដ្ឋទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ។
យ៉ាងណា មេដឹកនាំអាមេរិករូបនេះ នៅតែការពារការសម្រេចចិត្តធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ដោយបញ្ជាក់ថា រូបលោកនឹងធ្វើវាដដែល ប្រសិនបើត្រូវធ្វើម្តងទៀត ដើម្បីរារាំងមិនឱ្យទីក្រុងតេហេរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរ ៕
ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា
