បទល្មើសធនធានធម្មជាតិជិត ២០០០ ករណីត្រូវបានបង្ក្រាបក្នុងរយៈពេល១០ខែឆ្នាំនេះ
ក្នុងរយៈពេល១០ខែដំបូង ឆ្នាំ២០២៦នេះ បទល្មើសធនធានធម្មជាតិជិត២ពាន់ករណី ត្រូវបានបង្ក្រាប ហើយសង្ស័យចំនួន ៧៩នាក់ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់។
ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំនេះ មន្ទីរបរិស្ថានខេត្ត អង្គភាពពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ បានទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិសរុបចំនួន ១ ៩០៦ករណី នៅទូទាំងប្រទេស។ យោងតាមក្រសួងបរិស្ថាន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ បទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រការពារមានការថយចុះចំនួន ២៩ករណី។
ក្នុងចំណោមបទល្មើសបង្រ្កាបបាន មានបទល្មើសព្រៃឈើចំនួន ៦៣៦ករណី បទល្មើសសត្វព្រៃ ចំនួន ៥៣៥ករណី និងបទល្មើសកាប់គាស់ ទន្រ្ទានដីព្រៃខុសច្បាប់ ចំនួន ៤៥០ករណី។ ក្រៅពីនោះ បទល្មើសនេសាទ ចំនួន ២៣៩ករណី និងបទល្មើសធនធានរ៉ែ ចំនួន ៤៦។
ជាមួយគ្នានេះដែរ ក្រុមការងារបានឃាត់ខ្លួនជនសង្ស័យបានចំនួន ៧៩នាក់ ព្រមទាំងកសាង និងបញ្ជូនសំណុំរឿងចំនួន ១១៨សំណុំរឿងទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។
អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា យុទ្ធនាការរឹតបន្តឹងច្បាប់ និងការការពារសម្បត្តិធម្មជាតិនៅក្នុងប្រទេសកម្ពុជា កំពុងបង្ហាញផ្លែផ្កាយ៉ាងវិជ្ជមាន។ បើតាមឯកឧត្តម លទ្ធផលទាំងនេះអាចសម្រេចបានតាមរយៈការបង្កើនការល្បាតរបស់មន្ត្រីឧទ្យានុរក្ស និងកងកម្លាំងចម្រុះនៅតាមតំបន់ការពារធម្មជាតិ ក៏ដូចជាការពង្រឹងចំណេះដឹងប្រជាពលរដ្ឋអំពីផលប៉ះពាល់នៃការបំផ្លាញព្រៃឈើ និងសត្វព្រៃ។
អ្នកនាំពាក្យក្រសួងបរិស្ថានក៏បានកោតសរសើរចំពោះកិច្ចសហការគ្នាយ៉ាងរលូន រវាងមន្រ្តីឧទ្យានុរក្ស ជាមួយតំណាងក្រសួង ស្ថាប័ន រដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់ អង្គការដៃគូ សមាគម អង្គការសង្គមស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ។
ទោះបីជាតួលេខបទល្មើសមានការថយចុះក៏ដោយ ក៏មន្ទីរបរិស្ថានខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅតែបន្តប្តេជ្ញាចិត្តជំរុញការចុះល្បាត និងអនុវត្តច្បាប់តឹងរ៉ឹងបន្ថែមទៀត ដើម្បីធានាឱ្យបាននូវតុល្យភាពប្រព័ន្ធអេកូឡូស៊ី និងការអភិរក្សជីវៈចម្រុះ ប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ៕
ដោយ៖ម៉ាដេប៉ូ



