រដ្ឋបាលខេត្តស្ទឹងត្រែង គ្រោងប្រែក្លាយតំបន់ឧក្រិដ្ឋកម្មខ្មែរក្រហម ទៅជាសារមន្ទីរប្រវត្តិសាស្ត្រ
រដ្ឋបាលខេត្តស្ទឹងត្រែងគ្រោងរៀបចំអតីតមន្ទីរសន្តិសុខ ១០៤ ហៅថា «តំបន់ទីតាំងចងកំហឹងត្រពាំងចោងហោង» ឱ្យទៅជាសារមន្ទីរប្រវត្តិសាស្ត្រ ក្រោយការសិក្សាស្រាវជ្រាវកំណាយ ដើម្បីប្រមូលផ្ដុំឯកសារ បម្រើដល់ការសិក្សា ទាក់ទាញទេសចរ និងអប់រំយុវជនជំនាន់ក្រោយឱ្យយល់ពីតម្លៃសន្តិភាព។
កាលពីចុងខែតុលា ឆ្នាំ២០២៦ កន្លងទៅ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានបុរាណវិទ្យា ការិយាល័យសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង និងគណៈអភិបាលខេត្តស្ទឹងត្រែង បានចុះពិនិត្យទីតាំងអតីតមន្ទីរសន្តិសុខ ១០៤ ដែលស្ថិតក្នុងបរិវេណមណ្ឌលឧក្រិដ្ឋកម្មត្រពាំងចោងហោង ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ការចុះពិនិត្យស្ថានភាពទូទៅនេះ គឺដើម្បីវាយតម្លៃទីតាំងសម្រាប់រៀបចំការងារកំណាយស្រាវជ្រាវឱ្យស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។
ក្រោយការធ្វើកំណាយ រដ្ឋបាលខេត្តមានគម្រោងប្រែក្លាយទីតាំងនេះទៅជាសារមន្ទីរប្រវត្តិសាស្ត្រ ដើម្បីតម្កល់ឯកសារ រូបភាព និងបម្រើដល់ការសិក្សាស្រាវជ្រាវរបស់យុវជនជំនាន់ក្រោយ។ ការអភិវឌ្ឍតំបន់នេះ មិនត្រឹមតែជួយទាក់ទាញទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្រើនរំលឹកដល់ពលរដ្ឋឱ្យយល់ពីតម្លៃសន្តិភាព និងចៀសវាងការជាន់ដានប្រវត្តិសាស្ត្រ។
ឯកឧត្តម ម៉ែន គង់ អភិបាលរងខេត្តស្ទឹងត្រែង បានលើកឡើងថា រដ្ឋបាលខេត្តបានបង្ហាញការគាំទ្រចំពោះក្រុមការងារជំនាញនៃនាយកដ្ឋានបុរាណវិទ្យា ដែលបានចុះធ្វើកំណាយនៅទីតាំងផ្ទាល់ ដោយមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលដឹងពីប្រវត្តិនៃទីតាំងនេះច្បាស់លាស់។
កន្លងទៅ ទីតាំងដែលពួកខ្មែរក្រហមធ្លាប់ប្រើប្រាស់សម្រាប់សម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់មួយនេះ ត្រូវបានប្រជាពលរដ្ឋហៅថា «តំបន់ទីតាំងចងកំហឹងត្រពាំងចោងហោង» ហើយតែងតែប្រារព្ធពិធីទិវាចងកំហឹងដើម្បីរំលឹកដល់អ្នកបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ជាប្រចាំ។
រដ្ឋបាលខេត្តបានអះអាងពីការបន្តបង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នជំនាញ ដើម្បីរកឱ្យឃើញនូវចំណុចពិសេសៗនៃទីតាំងប្រវត្តិសាស្ត្រនេះ ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងត្រូវបានរំដោះរួចផុតពីនឹមរបបខ្មែរក្រហមនៅថ្ងៃទី៤ ខែមករា ឆ្នាំ១៩៧៩។ បច្ចុប្បន្ន ទីតាំងនេះត្រូវបានអាជ្ញាធរ និងប្រជាពលរដ្ឋថែរក្សាទុកសម្រាប់រៀបចំពិធីរំលឹកខួបគោរពវិញ្ញាណក្ខន្ធជនរងគ្រោះជារៀងរាល់ឆ្នាំ។
លោក ផេង ពង់រាសី ប្រធានកម្មវិធីអប់រំស្តីពីការបង្ការអំពើប្រល័យពូជសាសន៍ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានគាំទ្រគម្រោងប្រែក្លាយទីតាំងនេះទៅជាសារមន្ទីរប្រវត្តិសាស្ត្រសម្រាប់ការចងចាំ និងសិក្សាស្រាវជ្រាវ។ ដោយយោងលើរបាយការណ៍ស្រាវជ្រាវ និងសាក្សីរស់ លោកបានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស ១ ០០០នាក់ ត្រូវបានសម្លាប់នៅអតីតមន្ទីរសន្តិសុខ ១០៤ ឬមណ្ឌលឧក្រិដ្ឋកម្មត្រពាំងចោងហោងនេះ៕ទួន សុផល


