រដ្ឋមន្រ្តីការពារជាតិ អាមេរិក ប្រឈមជ្រុះចេញពីតំណែង ក្រោយបក្សចាញ់ឆ្នោត
វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth កំពុងប្រឈមនឹងការជ្រុះចេញពីតំណែង ចំពេលមានសម្ពាធនយោបាយកាន់តែខ្លាំងឡើង បន្ទាប់ពីគណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ កាលពីដើមខែវិច្ឆិកានេះ ។
បើតាម CNN, ក្រោយនាំឲ្យបក្សចាញ់ឆ្នោតយ៉ាងអាម៉ាស់ សមាជិកសភាបក្សសាធារណរដ្ឋជាច្រើន ចាប់ផ្តើមទម្លាក់កំហុសលើលោក Pete Hegseth ដោយចោទថា លោកជាអ្នកដើរតួនាទីសំខាន់ ក្នុងការជំរុញឱ្យលោក Trump សម្រេចចិត្តបំផ្ទុះសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ជាមួយនឹងមិនមានផែនការបញ្ចប់ជម្លោះច្បាស់លាស់ ។
បញ្ហានេះនាំឲ្យគណបក្សប្រជាធិបតេយ្យដែលទទួលបានសំឡេងភាគច្រើននៅក្នុងសភាតំណាងរាស្ត្រ អាច នឹងបោះឆ្នោតលើសំណើចោទប្រកាន់ ដើម្បីដកតំណែងលោក Pete Hegseth ពីរដ្ឋមន្ត្រីការពារជាតិនៅសប្តាហ៍ក្រោយ ។
ជាមួយគ្នានេះ សមាជិកបក្សសាធារណរដ្ឋមួយចំនួនថែមទាំងបានចោទលោក Pete Hegseth ថា បានបង្ហាញសុទិដ្ឋិនិយមជ្រុលហួសហេតុ ចំពោះសមត្ថភាពរបស់កងទ័ពអាមេរិក ក្នុងការយកឈ្នះសង្គ្រាមជាមួយអ៊ីរ៉ង់ក្នុងពេលយ៉ាងខ្លី និងងាយស្រួល ។
បន្ថែមលើនេះ សមាជិកសភាទាំងនោះក៏បានរិះគន់ធ្ងន់ៗលើលោក Pete Hegseth ផងដែរថា នៅតែគាំទ្រការបង្កើនប្រតិបត្តិការយោធា ទោះបីជាការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់មិនទាន់បង្ហាញសញ្ញាថា អ៊ីរ៉ង់នឹងចុះចាញ់ក៏ដោយ ។
យ៉ាងណា លោកប្រធានាធិបតី Donald Trump នៅមិនទាន់បង្ហាញសញ្ញាថា រូបលោកនឹងបណ្តេញលោក Pete Hegseth ចេញពីតំណែងរដ្ឋមន្រ្តីសង្គ្រាមនៅឡើយទេ ។
តួយ៉ាង នៅពេលអ្នកសារព័ត៌មានសួរនាំថាតើលោកកំពុងពិចារណាប្តូររដ្ឋមន្ត្រីការពារជាតិដែរឬទេ? លោក Trump មិនបានផ្តល់ចម្លើយចំៗនោះឡើយ ដោយលោកគ្រាន់តែនិយាយថា លោក Pete Hegseth កំពុងបំពេញការងារបានល្អណាស់ ។
លោក Trump ថែមទាំងបានថ្លែងការពារការសម្រេចចិត្តបើកសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដោយបញ្ជាក់ថា ប្រសិនបើមានឱកាសសម្រេចចិត្តជាថ្មី ក៏រូបលោកនៅតែជ្រើសរើសធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់នេះដដែល ។
ឆ្លើយតបការអះអាងរបស់លោក Trump, មន្ត្រីមួយចំនួនក្នុងសេតវិមានបានប្រាប់ CNN ថា មូលហេតុដែលលោក Trump ចង់រក្សាលោក Pete Hegseth ឱ្យបន្តតំណែងទៀត គឺដោយសាររដ្ឋបាលរបស់គាត់អាចនឹងសម្រេចចិត្តបើកការវាយប្រហារជុំថ្មីប្រឆាំងនឹងអ៊ីរ៉ង់ ៕
ប្រភព ៖ CNN ប្រែសម្រួល ៖ ឈឹម ទីណា
