ស្ថាបត្យកម្មលើសពីសំណង់៖ ក្រសួងរៀបចំដែនដី ចាត់ទុកជាកម្លាំងជំរុញស្មារតីជាតិ និងសេដ្ឋកិច្ច
ភ្នំពេញ៖ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចង្អុលបង្ហាញថា ស្ថាបត្យកម្មមិន មែន ត្រឹមតែជាការកសាង តែជាការបណ្ដុះស្មារតីស្នេហាជាតិ និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព ។ដូច្នេះ ស្ថាបត្យករនិងវិស្វករខ្មែរត្រូវចងក្រងគំនិតថ្មីៗ ដើម្បីលើកកម្ពស់សោភណភាព សេដ្ឋកិច្ច និងចីរភាពជីវិតរស់នៅរបស់ប្រជាពលរដ្ឋ។
ក្នុងពិធីបើកកម្មវិធី “មហោស្រពស្ថាបត្យកម្មកម្ពុជាឆ្នាំ២០២៦ “ នៅមន្ទីរពិសោធន៍ជាតិសំណង់ កាលពីថ្ងៃសុក្រទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានចាត់ទុកមហោស្រពស្ថាបត្យកម្មនាពេលនេះជាវេទិកាដ៏មានសារៈសំខាន់ក្នុងការប្រមូលផ្តុំបញ្ញវន្ត និងស្នាដៃរបស់ប្រជាជនកម្ពុជា ដែលជាអ្នកបម្រើការងារក្នុងវិស័យស្ថាបត្យកម្ម វិស្វកម្ម ។ឯកឧត្តមបានមានប្រសាសន៍ថា ការផ្លាស់ប្តូរទស្សនៈនិងគំនិតថ្មីៗដើម្បីពង្រឹង នឹងធ្វើឱ្យវិជ្ជាជីវៈសំណង់នៅកម្ពុជាកាន់តែរីកចម្រើនក៏ដូចជាការបណ្តុះស្មារតីស្នេហាជាតិ និងមោទនភាពលើបុព្វហេតុនៃការអភិវឌ្ឍមាតុភូមិកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកយកបទពិសោធន៍ទីក្រុងកង់បឺរ៉ា (Canberra) ប្រទេសអូស្ត្រាលីមកធ្វើជាឧទាហរណ៍ថា លំនៅឋានមិនមែនត្រឹមតែជាកន្លែងទទួលភ្ញៀវប៉ុណ្ណោះទេ តែជា «លីវីងរូម (Living Room)» ឬជាមណ្ឌលប្រមូលផ្តុំ ដែលសមាជិកគ្រួសារ និងកូនចៅទាំងអស់ អាចជួបជុំគ្នាបរិភោគបាយ និងពិភាក្សាគ្នាយ៉ាងកក់ក្តៅ។
ពាក់ព័ន្ធនឹងកិច្ចការនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានក្រើនរំលឹកដល់ស្ថាបត្យករ និងអ្នកជំនាញទាំងអស់ ឱ្យចេះត្រិះរិះពិចារណាឱ្យបានស៊ីជម្រៅលើជ្រុងផ្សេងៗ ជៀសវាងការភ្លេចបន្តិចបន្តួចនូវមូលដ្ឋានគ្រឹះនៃជីវិតគ្រួសារ សង្គម និងសេដ្ឋកិច្ចធម្មជាតិ (Ecology) ដែលជាកត្តាជួយទ្រទ្រង់ដល់ការរស់នៅប្រកបដោយសុខដុមរមនា និងជាឫសគល់ដ៏រឹងមាំរបស់សង្គមកម្ពុជា។
ការគ្រប់គ្រងទឹក ដី និងកសិកម្ម គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតនៃសេដ្ឋកិច្ចជាតិ។នេះជាចំណុចដែលឯកឧត្តមរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីចាត់ទុកជាការងារសំខាន់។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថា ដូច្នេះស្ថាបត្យកម្ម និងការអភិវឌ្ឍទីក្រុងត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារបរិស្ថាន ការគ្រប់គ្រងប្រភពទឹក និងការលើកកម្ពស់សោភណភាពមូលដ្ឋាន ដើម្បីធានាបាននូវចីរភាពរយៈពេលវែង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យមានការយកចិត្តទុកដាក់លើការកែលម្អក្រុង និងការរៀបចំស្ថាបត្យកម្មតាមបណ្តា ២៥ រាជធានី-ខេត្ត ដោយយកស្នាដៃទាំងនោះមកដាក់ប្រកួតប្រជែងគ្នា ដើម្បីជំរុញស្មារតីច្នៃប្រឌិត និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយភាពប្រកួតប្រជែងខ្ពស់។
បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្ដាំផ្ញើដល់ស្ថាបត្យករ និងវិស្វករទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ក្នុងការកែលម្អស្នាដៃស្ថាបត្យកម្ម និងការរៀបចំទីក្រុង ទាំង ២៥ រាជធានី-ខេត្ត ឱ្យស្របតាមបរិបទនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចទំនើប ដោយត្រូវរក្សាឱ្យបាននូវអត្តសញ្ញាណជាតិ ព្រមទាំងការធានាបាននូវសុវត្ថិភាព និងបរិស្ថានរស់នៅដ៏ល្អប្រសើរជូនប្រជាពលរដ្ឋ និងរួមចំណែកកសាង និងអភិវឌ្ឍន៍វិស័យស្ថាបត្យកម្ម និងសំណង់នៅកម្ពុជាឱ្យកាន់តែរីកចម្រើន៕
ដោយ៖ វណ្ណលុក
រូបភាព៖ គ្រី សម្បត្តិ

















