អាមេរិក ប្រកាសជូនលុយរង្វាន់ ២០ លានដុល្លារ បើអ្នកណាផ្តល់ព័ត៌មានអំពីកម្មវិធីនុយក្លេអ៊ែររបស់ អ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានប្រកាសផ្តល់លុយរង្វាន់ចំនួន ២០ លានដុល្លារ ព្រមទាំងលទ្ធភាពផ្លាស់ប្តូរទីលំនៅសម្រាប់អ្នកផ្តល់ព័ត៌មាន និងក្រុមគ្រួសារ ជាថ្នូរនឹងការទទួលបានព័ត៌មានសម្ងាត់ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ។
បើតាមក្រសួងការបរទេសអាមេរិក, កម្មវិធី «Rewards for Justice» ហៅកាត់ RFJ ដែលមានភារកិច្ចប្រមូលព័ត៌មានពាក់ព័ន្ធនឹងអំពើភេរវកម្ម ព្រមទាំងប្រតិបត្តិការបរទេស ដែលគំរាមកំហែងដល់សហរដ្ឋអាមេរិក បានប្រកាសផ្តល់លុយរង្វាន់ថ្មីនេះ ដើម្បីលើកទឹកចិត្តដល់ជនទាំងឡាយណា ដែលអាចផ្តល់ព័ត៌មានពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ។
ជាមួយគ្នានេះ អត្តសញ្ញាណជនផ្តល់ព័ត៌មាន នឹងត្រូវរក្សាជាការសម្ងាត់យ៉ាងតឹងរ៉ឹងបំផុត ។ ព័ត៌មានដែលអាមេរិកចង់បាន រួមមាន ទីតាំងនុយក្លេអ៊ែរ គ្រឿងបរិក្ខារ និងបុគ្គលិកពាក់ព័ន្ធ ព្រមទាំងអ្នកវិទ្យាសាស្ត្រដែលចូលរួមក្នុងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយអ្នកផ្តល់ព័ត៌មានអាចទាក់ទងតាមរយៈកម្មវិធី Signal, Telegram និងកម្មវិធី Tor Brows ។
ការប្រកាសផ្តល់លុយរង្វាន់ចំនួន ២០ លានដុល្លារនេះ ក៏បានរំលឹកពីរបាយការណ៍របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ហៅកាត់ (IAEA) កាលពីឆ្នាំ២០២៥ ដែលទម្លាយថា អ៊ីរ៉ង់បានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិត ៦០ភាគរយ ដែលជាកម្រិតមួយនៅមិនឆ្ងាយពី ៩០ភាគរយ ដែលជាកម្រិតចម្រាញ់សម្រាប់ការផលិតអាវុធនុយក្លេអ៊ែរ ។
យោងតាមការវាយតម្លៃរបស់អ្នកជំនាញ បរិមាណអ៊ុយរ៉ាញ៉ូមដែលអ៊ីរ៉ង់មានស្រាប់ អាចគ្រប់គ្រាន់សម្រាប់ផលិតអាវុធនុយក្លេអ៊ែរជាច្រើនគ្រាប់ ប្រសិនបើត្រូវបានចម្រាញ់បន្ថែមរហូតដល់កម្រិតសមស្រប ។
បើតាម Jerusalem Post, ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ១៩៨៤ កម្មវិធី RFJ បានចំណាយលុយរង្វាន់សរុបជាង ២៥០ លានដុល្លារ ទៅឱ្យមនុស្សជាង ១២៥ នាក់ ដែលបានទម្លាយព័ត៌មានមានប្រយោជន៍ដល់សន្តិសុខជាតិអាមេរិក ៕
ប្រភព ៖ Jerusalem Post ប្រែសម្រួល ៖ ឈឹម ទីណា