អ៊ីរ៉ង់ ចរចាទិញសំណាញ់មេឃ S-400 ពី រុស្ស៊ី ខណៈ អាមេរិក គំរាមបំផ្ទុះសង្គ្រាមជុំថ្មី
តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់កំពុងចរចាបញ្ជាទិញសំណាញ់មេឃ S-400 ពីរុស្ស៊ី ដោយសង្ឃឹមថា ទីក្រុងមូស្គូនឹងយល់ព្រមលក់ប្រព័ន្ធខែលការពារដែនអាកាសដ៏ទំនើបមួយនេះឱ្យទីក្រុងតេហេរ៉ង់ ខណៈដែលអាមេរិកគំរាមបំផ្ទុះសង្គ្រាមជុំថ្មី ។
ការចរចានេះកើតឡើង ចំពេលដែលសំណាញ់មេឃរបស់អ៊ីរ៉ង់បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ពីការវាយប្រហាររវាងអាមេរិក និងអ៊ីស្រាអែល ដែលធ្វើឱ្យដែនអាកាស ក៏ដូចជាទីតាំងនុយក្លេអ៊ែររបស់សាធារណរដ្ឋឥស្លាមមួយនេះ ប្រឈមនឹងហានិភ័យ ។
បើតាមសារព័ត៌មាន The Telegraph, ប្រធានផ្នែកសន្តិសុខជាតិអ៊ីរ៉ង់ លោក Mohsen Rezaei បានធ្វើដំណើរទៅកាន់វិមានក្រឹមឡាំង កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយបាននាំយកលិខិតផ្ទាល់ខ្លួនរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei ដែលស្នើបញ្ជាទិញសំណាញ់មេឃ S-400 ។
យោងតាមទស្សនាវដ្ដី Military Watch, S-400 គឺជាប្រព័ន្ធខែលការពារដែនអាកាសរយៈចម្ងាយឆ្ងាយ និងមានតម្លៃចន្លោះពី ៣០០ ទៅ ៥០០ លានដុល្លារនៅក្នុងមួយគ្រឿង ។
វាមានកាណុង ៤ និងបំពាក់ដោយមីស៊ីលស្ទាក់ចាប់ជំនាន់ថ្មីប្រភេទ 40N6 ។ មីស៊ីលនេះអាចស្ទាក់ចាប់គោលដៅក្នុងល្បឿនលឿនជាងសំឡេងដល់ទៅជិត ១ម៉ឺន៦ពាន់គីឡូម៉ែត្រក្នុងមួយម៉ោង ។
S-400 មានសមត្ថភាពកម្ទេចគោលដៅដែនអាកាសជាច្រើនប្រភេទ រាប់ចាប់ពីយន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ យន្តហោះដ្រូន និងមីស៊ីលផ្លោងក្នុងចម្ងាយប្រហែលពី ២៥០ ទៅ ៤០០ គីឡូម៉ែត្រ ជាមួយនឹងសមត្ថភាពស្ទាក់ចាប់អាវុធទាំងនេះក្នុងរយៈកម្ពស់ប្រហែល ៣០ ទៅ ៣៥ គីឡូម៉ែត្រ ។
ជាមួយគ្នានេះ សំណាញ់មេឃ S-400 បំពាក់ទៅដោយរ៉ាដាដែលអាចតាមដានគោលដៅបាន ១៦០ ក្នុងពេលតែមួយ និងបញ្ជាបាញ់ស្ទាក់ចាប់គោលដៅទាំងនោះបានចំនួន ៣៦ ទៅ ៨០ គោលដៅក្នុងពេលដំណាលគ្នា ។
អ្វីដែលកាន់តែពិសេសទៀតនោះ S-400 អាចទប់ទល់នឹងមីស៊ីលផ្លោងស្ទើរតែគ្រប់ប្រភេទទាំងអស់របស់អ៊ុយក្រែន រួមទាំងមីស៊ីល Flamingo ឬមីសីល Storm Shadow ជាដើម ៕
ប្រភព ៖ The Telegraph និង Military Watch ប្រែសម្រួល ៖ ឈឹម ទីណា

