ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នាំយកជំនួយស្បៀង ជូនដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅក្រុងប៉ោយប៉ែត និងស្រុកអូជ្រៅ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងនាំយកជំនួយស្បៀងរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ១ ៥៧៥ គ្រួសារ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ព្រមទាំងចំពោះគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុង ដែលបានខិតខំដាក់ឱ្យដំណើរការ និងអនុវត្តយន្តការស្បៀងបម្រុងនេះ ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋក្នុងគ្រាមានអាសន្ន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី សូមថ្លែងអំណរគុណចំពោះក្រុមការងារ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានខិតខំជួយសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពទាន់ពេលវេលា ព្រមទាំងបន្តផ្តល់ការគាំពារ និងជំនួយស្បៀងដល់ពុកម៉ែបងប្អូនក្នុងគ្រាលំបាក។
តមកនៅរសៀលថ្ងៃដដែល ឯកឧត្តម ប្រធានក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងចែកស្បៀងរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ១៣៩៨គ្រួសារ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តម ឌិត ទីណា បានលើកឡើងពីការយកចិត្តទុកដាក់ និងការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រដល់ប្រជាពលរដ្ឋរងគ្រោះ ចែកស្រូវពូជដល់កសិករដែលលិចទឹក និងចែកស្បៀងដល់អ្នកខ្វះខាត ដោយរាជរដ្ឋាភិបាលនឹងជួយឱ្យបានទាន់ពេលវេលា ដោយមិនទុកអ្នកណាម្នាក់ចោលនោះឡើយ៕
ប្រភព៖ ក្រសួងកសិកម្ម












