សម្តេចធិបតី៖ វគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចយោធាចំថ្ងៃបុណ្យឯករាជ្យជាតិ និងខួបកំណើតកងយោធពលខេមរភូមិន្ទ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងវិស័យការពារជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការពារជាតិ បានចាប់ផ្តើមអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ដើម្បីឆ្លើយតបនឹងតម្រូវការការពារជាតិក្នុងពេលបច្ចុប្បន្ន និងអនាគត ព្រមទាំងបង្កើតគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ដើម្បីដឹកនាំ និងរៀបចំការអនុវត្តចាប់ពីឆ្នាំ២០២៦តទៅ។ ក្នុងដំណាក់កាលដំបូងនេះ ក្រសួងការពារជាតិទទួលបានពាក្យស្ម័គ្រចិត្តសរុបចំនួន ១៤.៦៤៦នាក់ ក្នុងនោះមានស្ត្រី ២.៤១៧នាក់។ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងការពារជាតិជ្រើសរើសយុវជនចំនួន ១០.០០០នាក់ សម្រាប់ឆ្នាំ២០២៦ ដោយបែងចែកជាពីរវគ្គ។ សម្រាប់វគ្គដំបូង យុវជនចំនួន ៥.០០០នាក់ ត្រូវបានជ្រើសរើស និងហ្វឹកហ្វឺននៅតាមសាលាហ្វឹកហ្វឺនទាំង៨ របស់ក្រសួងការពារជាតិរយៈពេល៣ខែ មុននឹងបញ្ជូនទៅបំពេញការងារជាក់ស្តែងនៅតាមកងឯកភាពនានា។ ការបញ្ជាក់នេះ ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចយោធា ជំនាន់ទី១ ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
សម្តេចធិបតីបញ្ជាក់ថា វគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចយោធា ជំនាន់ទី១ ជាផ្លូវការត្រូវបានធ្វើឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ចំថ្ងៃបុណ្យឯករាជ្យជាតិ និងខួបកំណើតកងយោធពលខេមរភូមិន្ទផងដែរ។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងវិស័យការពារជាតិ តាមរយៈការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ក្នុងគោលបំណងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិសុខជាតិ ព្រមទាំងកសាងធនធានយុវជនឱ្យមានកាយសម្បទារឹងមាំ វិន័យ ស្មារតីជាតិទទួលខុសត្រូវ និងជំនាញវិជ្ជាជីវៈ ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសមត្ថភពិតប្រាកដ និងមានតម្លៃសម្រាប់សង្គមជាតិ៕
ដោយ៖ពលជ័យ





