រុស្ស៊ី អះអាងថា គ្មានបំណង ឬ ផែនការវាយប្រហារប្រទេសនៅអឺរ៉ុបឡើយ
មូស្គូ ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ រីយ៉ាបកូវ បានថ្លែងអះអាងកាលពីថ្ងៃ ចន្ទ ថា ទីក្រុងមូស្គូគ្មានបំណង ឬផែនការ និងគ្មានហេតុផលណាមួយ ដើម្បីធ្វើការវាយប្រហារលើប្រទេសនៅអឺរ៉ុបឡើយ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ។
បើតាមស៊ីនហួរ, ប្រមុខការទូតរុស្ស៊ីរូបនេះ បានរិះគន់បណ្តាប្រទេសលោកខាងលិច ដែលកំពុងជជែកវែកញែកអំពីលទ្ធភាពផ្ទុះជម្លោះយោធានៅអឺរ៉ុប ដែលមើលទៅ វាហាក់ដូចជារឿងជៀសមិនរួច ។
ឆ្លើយតបការព្រួយបារម្ភបែបនេះរបស់អឺរ៉ុប លោក រីយ៉ាបកូវ សង្កត់ធ្ងន់ថា រុស្ស៊ីមិនបានបង្កការគំរាមកំហែងដល់នរណាម្នាក់ឡើយ ហើយក៏គ្មានផែនការវាយប្រហារប្រទេសណាមួយឡើយ មិនថា ក្នុងរយៈពេលខ្លី មធ្យម ឬវែងនោះទេ ។ ប៉ុន្តែលោកព្រមានថា រុស្ស៊ីនឹងបង្ខំចិត្តឆ្លើយតបវិញ ប្រសិនបើខ្លួនរងការឈ្លានពានណាមួយ ។
ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនវិញ លោក រីយ៉ាបកូវ លើកឡើងថា រដ្ឋាភិបាលអឺរ៉ុបមួយចំនួនពុំមានបំណងពិតប្រាកដ ក្នុងការបញ្ចប់ជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងកៀវនោះទេ ។
លោក រីយ៉ាបកូវ បានប្រាប់មូលហេតុថា ជម្លោះនេះអាចត្រូវបានដោះស្រាយដោយគិតគូរពីផលប្រយោជន៍ស្របច្បាប់របស់គ្រប់ភាគី ប៉ុន្តែលោកខាងលិចបានជំរុញអ៊ុយក្រែនឲ្យបោះបង់ចោលដំណោះស្រាយសមហេតុផល ហើយជ្រើសរើសធ្វើសង្គ្រាម ។
ដោយឡែកចំពោះទំនាក់ទំនងនាពេលអនាគតរវាងរុស្ស៊ី-អឺរ៉ុបវិញ លោក រីយ៉ាបកូវ បញ្ជាក់ថា ភាគីរុស្ស៊ីជាក់ជឿថា មិនយូរមិនឆាប់ទេ ប្រទេសនៅអឺរ៉ុបនឹងមានឆន្ទៈចូលរួមក្នុងកិច្ចសន្ទនាជាមួយរុស្ស៊ីឡើងវិញ ដោយផ្អែកលើគោលការណ៍សមភាព និងសន្តិសុខដែលមិនអាចបំបែកបាន ក៏ដូចជាភាពជាក់ស្តែងនិយម និងការគិតគូរពីផលប្រយោជន៍ទៅវិញទៅមក ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
