សម្រស់ទឹកធ្លាក់ជីអាំង លាក់ខ្លួនកណ្តាលព្រៃជ្រៅ​នៃខេត្ត​មណ្ឌលគិរី

ស្ថិតនៅភាគឦសាននៃប្រទេស រមណីយដ្ឋាន​ទឹក​ធ្លាក់ជីអាំង ឬសហគមន៍ទេសចរណ៍ធម្មជាតិទឹក​ធ្លាក់​ជីអាំង កំពុងក្លាយជាគោលដៅ​ទេសចរណ៍ដ៏ពេញ​និយម​មួយ ដែលសម្ងំលាក់ខ្លួនយ៉ាងស្ងៀមស្ងាត់ក្នុងព្រៃជ្រៅ​នៃខេត្តមណ្ឌលគិរី។ ទីនេះមិនត្រឹមតែផ្តល់នូវសម្រស់​ធម្មជាតិ​ដ៏ត្រជាក់ស្រស់ស្រាយប៉ុណ្ណោះទេ តែថែម​ទាំង​បានបង្ហាញតថភាពនៃជីវភាព និងវប្បធម៌ប្រពៃណីដ៏​ផូរផង់​របស់បង​ប្អូនជនជាតិ​ដើមភាគ​តិច​ផងដែរ។

ស្ថិតនៅភូមិពូញ៉ាវ ឃុំមេម៉ង់ ស្រុកកែវសីមា ទឹកធ្លាក់ជីអាំង គឺជាកំណប់ទ្រព្យធម្មជាតិមួយ ដែល​ហ៊ុមព័ទ្ធដោយព្រៃឈើខៀវស្រងាត់។ ទឹកដែលហូរ​ធ្លាក់ពីតំបន់ព្រៃភ្នំ បានហូរធ្លាក់មកកាន់អាងស្តុកទឹក​ទំហំជិត ៥០ម៉ែត្រការ៉េ មានទឹកថ្លាឈ្វេងពេញមួយឆ្នាំ ដែលស័ក្តិសមបំផុត​សម្រាប់ការមុជទឹកកម្សាន្ត។ ដើម្បីទៅដល់រមណីយធម្មជាតិមួយនេះ ភ្ញៀវទេសចរ​ត្រូវបន្តដំណើរពីផ្លូវធំចម្ងាយ ៤គីឡូម៉ែត្រ ដោយ​ចំណាយ​​ពេលប្រមាណ ៣០នាទី តាមរយៈសេវា​ម៉ូតូសហគមន៍ ឆ្លងកាត់ផ្លូវព្រៃ អូរ និងផ្លូវបត់បែន​ឡើងចុះ ដែលជាបទពិសោធន៍ទេសចរណ៍បែប​ផ្សង​ព្រេង​ដ៏រំភើប។

បង្កើតឡើងក្នុងឆ្នាំ២០២៣ សហគមន៍ទេសចរណ៍នេះ​មានសមាជិកចំនួន ៣១នាក់ ដែលសុទ្ធសឹងជាអ្នក​បម្រើ​សេវាកម្មទេសចរណ៍ និង​ប្រកបរបរកសិកម្ម។ រាល់ដំណាំ សត្វចិញ្ចឹម និងម្ហូបអាហារធម្មជាតិដែល​រកបាន ត្រូវបានរៀបចំលក់ជូនភ្ញៀវទេសចរ ដែលនេះជា​ការ​ជួយ​ផ្ដល់ចំណូលដោយផ្ទាល់ដល់សេដ្ឋកិច្ចគ្រួសារ។

ក្រៅពីអត្ថប្រយោជន៍សេដ្ឋកិច្ច ការមកកម្សាន្តទីនេះក៏​ជាការចូលរួមការពារធនធានធម្មជាតិ ដែលជាជម្រក​សត្វព្រៃកម្រជាច្រើនប្រភេទ ដូច​ជា ឈ្លូស ប្រើស ជ្រូកព្រៃ ស្វា និងមាន់ព្រៃជាដើម។

គួរជម្រាបថា ក្រោមការដឹកនាំរបស់សហគមន៍ជនជាតិ​ដើមភាគតិចពូនង និងការគាំទ្រពីគម្រោងរេដបូក​កែវ​សីមា ភ្ញៀវទេសចរដែលមក​កាន់ទឹកធ្លាក់ជីអាំង មិន​ត្រឹមតែបានងូតទឹកកម្សាន្តប៉ុណ្ណោះទេ តែថែមទាំងអាច​ដើរទស្សនាព្រៃព្រឹក្សា ស្វែងយល់ពីសត្វព្រៃ ភ្លក់រស​ជាតិ​ម្ហូបប្រចាំតំបន់ ស្នាក់នៅផ្ទះសហគមន៍ និងដកស្រង់​បទពិសោធន៍ពីវប្បធម៌ដ៏អស្ចារ្យរបស់ជនជាតិដើមភាគតិចពូនងថែមទៀតផង ៕
ដោយ៖ម៉ា ដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner