លោក Netanyahu ហៅទូរស័ព្ទទៅលោក Trump រាល់ថ្ងៃ ឲ្យបំផ្ទុះសង្គ្រាមជុំថ្មីលើ អ៊ីរ៉ង់
ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានកំណត់ម៉ោងហៅទូរស័ព្ទទៅកាន់លោកប្រធានាធិបតីអាមេរិក Donald Trump ជារៀងរាល់ថ្ងៃ ដើម្បីជំរុញឱ្យមានការបន្តសង្គ្រាមជុំថ្មីលើអ៊ីរ៉ង់ ។ នេះបើតាមការចេញផ្សាយរបស់កាសែត The Financial Times កាលពីថ្ងៃចន្ទ ។
កាសែតអង់គ្លេសមួយនេះរៀបរាប់ថា លោក Netanyahu ដែលបច្ចុប្បន្ន កំពុងកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នបានអំពាវនាវឱ្យមេដឹកនាំអាមេរិកចាប់ដៃជាមួយអ៊ីស្រាអែលដើម្បីបើកការវាយប្រហាររួមគ្នាសាជាថ្មីប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងគោលបំណងធ្វើឱ្យរដ្ឋាភិបាលតេអេរ៉ង់ដួលរលំ ។
ប្រភពដដែលបញ្ជាក់ថា លោក Netanyahu ពិតជាចង់ឱ្យមានសកម្មភាពយោធាលើអ៊ីរ៉ង់កើតមានឡើងសាជាថ្មី។ យ៉ាងណា លោក Trump បានបដិសេធចំពោះការជំរុញមួយនេះ ។
លោក Trump និយាយថា នៅពេលនេះ ការវាយប្រហារជុំថ្មីរបស់សហរដ្ឋអាមេរិកទៅលើអ៊ីរ៉ង់ គឺហាក់ដូចជា «មិនទំនងនឹងកើតឡើងនោះទេ» ព្រោះថា មានសញ្ញាវិជ្ជមានឆ្ពោះទៅរកការបញ្ចប់សង្គ្រាមដែលមានរយៈពេលជិត ៩ ខែមកនេះ ។
ជាមួយគ្នានេះ លោក Trump ក៏បញ្ជាក់ផងដែរថា បណ្តាប្រទេសសម្ព័ន្ធមិត្តនៅតំបន់ឈូងសមុទ្រ ក៏ជំទាស់នឹងយុទ្ធនាការយោធាថ្មីណាមួយប្រឆាំងនឹងទីក្រុងតេអេរ៉ង់ដូចគ្នា ។
នៅក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social បន្ទាប់ពីបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកាតា, មេដឹកនាំអាមេរិកវ័យ ៨០ ឆ្នាំរូបនេះ បានរៀបរាប់ថា «ប្រទេសកាតា អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម បារ៉ែន កូវ៉ែត និងប្រទេសផ្សេងទៀត មិនចង់ឃើញសកម្មភាពអរិភាពណាមួយកើតឡើងនោះឡើយ ពោលពួកគេចង់រក្សាស្ថានភាពបច្ចុប្បន្នឱ្យនៅដដែល»៕
ប្រភព ៖ anadolu, ប្រែសម្រួល ៖ សារ៉ាត