ទូតបារាំងរំលឹកខួប និងឧទ្ទិសដល់ពលរដ្ឋខ្មែរស្លាប់ដើម្បីប្រទេសបារាំងក្នុងសង្គ្រាមលោកលើកទី១
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការបញ្ចប់សង្គ្រាមលោកលើកទី១ បានឈានដល់ខួបលើកទី ១០៨ឆ្នាំហើយ នៅថ្ងៃពុធ ទី១១ ខែវិច្ឆិកានេះ។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានគូសបញ្ជាក់ថា នៅថ្ងៃនេះដែ ក៏ជាការចងចាំមិនអាចបំភ្លេចបាន ចំពោះវីរភាពនិងការលះបង់របស់ពលរដ្ឋខ្មែរ រួមជាមួយយុទ្ធជនបារាំង ដែលបានបាត់បង់ជីវិតដើម្បីបុព្វហេតុប្រទេសបារាំង ក្នុងព្រឹត្តិការណ៍ជម្លោះសកលកាលពីឆ្នាំ១៩១៨។
ស្ថានទូតបារាំងដែលដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Olivier Richard បានរៀបចំពិធីនៅក្នុងបរិវេណស្ថានទូតបារាំង រំលឹកខួបដើម្បីឧទ្ទិសដល់ដល់ពលរដ្ឋកម្ពុជាចំនួន ១៥១នាក់ និងជនជាតិបារាំងចំនួន ៣៣នាក់ដែលបានបាត់បង់ជីវិតក្នុងអំឡុងសង្គ្រាមលោកលើកទី១។
សូមជម្រាបថា សង្គ្រាមលោកលើកទី១បានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកក្កដា១៩១៤ និងបញ្ចប់ទៅវិញនៅថ្ងៃទី១១វិច្ឆិកាឆ្នាំ១៩១៨។ ប្រទេសបារាំងបានអំពាវនាវឲ្យប្រទេសនៅក្រោមអាណានិគមចូលរួមជួយខ្លួនក្នុងសង្រ្គាមនេះ ដែលកាលណោះប្រទេសកម្ពុជាក៏ជាប្រទេសមួយស្ថិតនៅក្រោមអាណានិគមបារាំងពីឆ្នាំ១៨៦៣-១៩៥៣ ក៏បានបញ្ជូនយោធាច្រើនរយនាក់ទៅក្នុងសង្គ្រាមនេះដែរ។
គួរកត់សម្គាល់ថា នៅក្នុងពិធីរំលឹកខួបដល់អ្នកស្លាប់ដោយសារសង្រ្គាមនៅឆ្នាំនេះ ក៏មានវត្តមានចូលរួមពីកងទ័ពមួកខៀវកម្ពុជាមកពីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងសិស្សសាលានាយទាហានសកម្មត្មាតពងផងដែរ។
ស្ថានទូតបារាំងពណ៌នាថា ការចូលរួមពីកងទ័ពកម្ពុជានាពេលនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញនូវកិច្ចសហប្រតិបត្តិការផ្នែកយោធា ប្រកបដោយទំនុកចិត្ត រវាងបារាំង និងកម្ពុជា៕
ដោយ៖សេង បារាំង