ក្រសួងមហាផ្ទៃ ណែនាំឲ្យមន្រ្តីយកចិត្តទុកដាក់លើផលិតផលក្លែងក្លាយ ដើម្បីបង្កើនទំនុកចិត្តវិនិយោគិន

អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដុតបំផ្លាញផលិតផលក្លែងបន្លំម៉ាក និងសម្ភារពាក់ព័ន្ធប្រមាណ ៧៥០តោន ដែលសមត្ថកិច្ចបង្ក្រាបបាន នៅត្រីមាសទី៣ ឆ្នាំ២០២៦នេះ។ ផលិតផលក្លែងក្លាយទាំងអស់រួមមាន៖ ប្រេងម៉ាស៊ីន, បារី, គ្រឿងអេឡិចត្រូនិច, ម្លៀកបំពាក់ និងថ្នាំដុសធ្មេញ។

នៅក្នុងពិធីដុតបំផ្លាញផលិតផលក្លែងក្លាយទាំងនេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់សមត្ថកិច្ចជំនាញយកចិត្តទុកដាក់លើផលិតផលក្លែងក្លាយ ឬគ្មានគុណភាព ដើម្បីការពារកុំឲ្យប៉ះពាល់សុខុមាលភាពពលរដ្ឋ និងទំនុកចិត្តអ្នកវិនិយោគ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានណែនាំដល់សមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ បន្ដយកចិត្តទុកដាក់ចំពោះផលិតផលក្លែងបន្លំម៉ាក និងគ្មានគុណភាពដែលចរាចរនៅលើទីផ្សារនាពេលបច្ចុប្បន្ន ដើម្បីចាត់វិធានការច្បាប់។

បន្ថែមលើនេះ ឧបនាយករដ្ឋមន្ដ្រី បានដាក់បទបញ្ជាដល់សមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃ ត្រូវតែបន្ដស្រាវជ្រាវ ស៊ើបអង្កេត ដើម្បីឈានទៅបង្ក្រាបទីតាំងផលិត ស្ដុកទុក និងចែកចាយផលិតផលក្លែងក្លាយ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអន្ដរជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីព្រមានថា​ ក្នុងករណីរកឃើញថា អាជ្ញាធរមានសមត្ថកិច្ចខ្លួនឯងផ្ទាល់មានជាប់ពាក់ព័ន្ធជាមួយផលិតផលក្លែងក្លាយ ក្រសួងនឹងត្រូវចាត់វិធានការតែម្ដង៕

ខន ណារី AMS

ads banner