សម្ដេចប្រធានរដ្ឋសភា ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន

ភ្នំពេញ៖តបតាមការអញ្ជើញរបស់រដ្ឋសភាហ្វីលីពីន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា ទៅចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ នៅទីក្រុងម៉ានីល នៃសាធារណរដ្ឋហ្វីលីពីន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦។

ដំណើរអញ្ជើញចូលរួមនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម ហ្វូស្ទីណូ បូជី ឌី ទី៣ (Faustino Bojie De Guzman Dy III) ប្រធានរដ្ឋសភាហ្វីលីពីន និងជាប្រធានអាយប៉ាលើកទី៤៧ ខណៈព្រឹត្តិការណ៍ឆ្នាំនេះត្រូវបានរៀបចំឡើងក្រោមមូលបទ «សភាធានាឱ្យ​បាននូវអាស៊ានមានសន្តិភាព វិបុលភាពដោយយកប្រជាជនជាស្នូល»។

យោងតាមកម្មវិធីគ្រោងទុក នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញចូលរួមកិច្ចប្រជុំ​សំខាន់ៗ​ជាច្រើន រួមមាន៖កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ៖ ដើម្បីពិភាក្សាអនុម័តរបៀបវារៈ និងផែនការសកម្មភាពសំខាន់ៗរបស់អាយប៉ា​នាពេល​អនាគត។វេទិកាអ្នកនយោបាយស្ត្រីលើកទី៣ ដែលសម្ដេចប្រធានរដ្ឋសភា នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ។សម្ដេចប្រធានរដ្ឋសភា​នឹង​អញ្ជើញ​​ថ្លែងបទអន្តរាគមន៍ ដើម្បីបង្ហាញពីចក្ខុវិស័យ និងគោលជំហររបស់សភាកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះ សមាជិក-សមាជិកាគណៈប្រតិភូសភាកម្ពុជាផ្សេងទៀត នឹងអញ្ជើញចូលរួមកិច្ចប្រជុំតាមគណៈកម្មាធិការ​ជំនាញនានា​របស់អាយប៉ា ដូចជា កិច្ចប្រជុំគណៈកម្មាធិការស្ត្រី (WAIPA) គណៈកម្មាធិការយុវជន (YPA) គណៈកម្មាធិការនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច រួមទាំងកិច្ចសន្ទនាជាមួយសភាសង្កេតការណ៍អាយប៉ាប្រមាណ ១៨ប្រទេសថែមទៀតផង។

ក្រៅពីកិច្ចប្រជុំផ្លូវការ អំឡុងពេលស្នាក់នៅទីក្រុងម៉ានីល សម្ដេចប្រធានរដ្ឋសភា គ្រោងនឹងជួបពិភាក្សាការងារទ្វេភាគីជាមួយថ្នាក់ដឹកនាំ​គណៈប្រតិភូសភាប្រទេសជាមិត្ត សភាសង្កេតការណ៍អាយប៉ា និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដោយតម្កល់ប្រយោជន៍ប្រជាពលរដ្ឋជាអាទិភាព។

គួរបញ្ជាក់ថា អាយប៉ា (AIPA) គឺជាវេទិកាតំបន់របស់សភាប្រទេសសមាជិកអាស៊ានទាំង១០។ វត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់សភា​កម្ពុជានាពេលនេះ មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់យន្តការពហុភាគីនិយម និងដោះស្រាយបញ្ហាដោយសន្តិវិធី​ប៉ុណ្ណោះទេ តែក៏ជាឱកាសការទាក់ទាញផលប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងរឹតចំណងមិត្តភាពរវាង​ប្រជាជន​កម្ពុជា ជាមួយតំបន់និងពិភពលោក ឆ្ពោះទៅសម្រេចឱ្យបាននូវទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ប្រកបដោយចីរភាព និងវិបុលភាពផងដែរ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner