ឯកឧត្តម កែវ សុទ្ធិ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភីការប្រកួតប្រជែងសន្តិសុខសាយប័រថ្នាក់តំបន់មេគង្គ-ឡានឆាង
ខេត្តសៀមរាប៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភី និងបិទការប្រកួតប្រជែងសន្តិសុខសាយប័រថ្នាក់តំបន់មេគង្គ-ឡានឆាង (Lancang-Mekong Regional Cybersecurity Competition) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា នៅសណ្ឋាគារព្រីនអង្គរ ខេត្តសៀមរាប។
ការប្រកួតប្រជែងសន្តិសុខសាយប័រថ្នាក់តំបន់មេគង្គ-ឡានឆាង មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលមាននិស្សិតចូលរួមសរុប ៤០រូប បែងចែកជា ១០ក្រុម មកពីសាកលវិទ្យាល័យនៃបណ្ដាប្រទេសជាសមាជិកនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីចូលរួមប្រកួតក្នុងវិញ្ញាសា Capture the Flag (CTF)។
ជាលទ្ធផល ក្រុមជ័យលាភីទាំង ៣ បានទទួលពានរង្វាន់ និងប្រាក់រង្វាន់តាមចំណាត់ថ្នាក់ ដូចខាងក្រោម៖
ជ័យលាភីចំណាត់ថ្នាក់លេខ១៖ ក្រុម WillHack4Coffee មកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៃប្រទេសកម្ពុជា ទទួលបានពានរង្វាន់លេខ១ និងទឹកប្រាក់ចំនួន ៦,០០០,០០០រៀល។
ជ័យលាភីចំណាត់ថ្នាក់លេខ២៖ ក្រុម ISITDTU1 មកពីសាកលវិទ្យាល័យ Duy Tan University នៃប្រទេសវៀតណាម ទទួលបានពានរង្វាន់លេខ២ និងទឹកប្រាក់ចំនួន ៤,០០០,០០០រៀល។
ជ័យលាភីចំណាត់ថ្នាក់លេខ៣៖ ក្រុម ITEsec មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៃប្រទេសកម្ពុជា ទទួលបានពានរង្វាន់លេខ៣ និងទឹកប្រាក់ចំនួន ២,០០០,០០០រៀល។
ការប្រកួតប្រជែងនេះ មានគោលបំណងជំរុញការផ្លាស់ប្តូរចំណេះដឹង ពង្រឹងសមត្ថភាព និងផ្តល់ឱកាសដល់យុវជនក្នុងការភ្ជាប់ចំណេះដឹងទៅនឹងការអនុវត្តជាក់ស្តែងក្នុងវិស័យសន្តិសុខសាយប័រ។ បន្ថែមពីនេះ ការប្រកួតនេះក៏បានលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខសាយប័ររវាងកម្ពុជា និងបណ្ដាប្រទេសមេគង្គ-ឡានឆាង ព្រមទាំងបានកសាងបណ្ដាញទំនាក់ទំនង និងការយល់ដឹងរវាងយុវជនក្នុងតំបន់ផងដែរ៕
ដោយ៖ង៉ាន់ ទិត្យ




