សម្តេចធិបតី អំពាវនាវឱ្យមានការគោរពយ៉ាងខ្ជាប់ខ្ជួននូវរាល់កិច្ចព្រមព្រៀងជាធរមានទាំងអស់រវាងកម្ពុជា និងថៃ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវឱ្យមានការគោរពយ៉ាងខ្ជាប់ខ្ជួននូវរាល់កិច្ចព្រមព្រៀងជាធរមានទាំងអស់ រវាងកម្ពុជា-ថៃ។ សម្ដេចធិបតីស្នើឱ្យមានការចាប់ផ្តើមឡើងវិញនូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោកនៃប្រទេសទាំង២។សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ព្រំដែនកម្ពុជា-ថៃមិនមែនជាព្រំដែនថ្មីនោះទេ វាជាព្រំដែនអន្តរជាតិដែលទទួលស្គាល់ដោយក្របខ័ណ្ឌច្បាប់អន្តរជាតិ។
ក្នុងសុន្ទរកថាជាភាសាបារាំងនៅពេលព្រឹកថ្ងៃអាទិត្យទី១៥ ខែវិច្ឆិកា ថ្លែងទៅកាន់គណៈប្រតិភូជាង៨០ប្រទេសជាសមាជិកហ្រ្វង់កូហ្វូនី ,ប្រមុខរដ្ឋ, ប្រមុខរដ្ឋាភិបាលជាង២០ប្រទេស ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្រ្ត សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ថាចាប់តាំងពីការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅឆ្នាំ១៩៩៨, កម្ពុជាទទួលបានសន្តិភាពដែលមានរយៈពេលយូរបំផុត បើគិតក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ខ្លួន។ ប៉ុន្តែ នៅឆ្នាំ២០២៥, ការប៉ះទង្គិចដោយអាវុធបានកើតឡើង ២លើករវាងកម្ពុជានិងថៃ ដែលក្នុងនោះកម្ពុជាមិនមែនជាអ្នកផ្ដើមបាញ់មុននោះទេ។ មនុស្សបានបាត់បង់ជីវិត, ក្រុមគ្រួសារជាច្រើនត្រូវបង្ខំចិត្តរត់ភៀសខ្លួន។ព្រឹត្តិការណ៍នេះបានរំឭកយើងថា សន្តិភាពមិនមែនជាអ្វីដែលមានស្រាប់ និងគង់វង្សជារៀងរហូតនោះឡើយ។
សម្តេចធិបតីបានបញ្ជាក់ទៀតថា បទឈប់បាញ់ដែលបានព្រមព្រៀង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតែបន្តអនុវត្ត, ប៉ុន្តែស្ថានភាពនៅតែមានភាពស្មុគស្មាញ និងផុយស្រួយនៅឡើយ។ កងទ័ពរាប់ពាន់នាក់នៅតែប្រឈមមុខដាក់ គ្នា។ ដែនអធិបតេយ្យរបស់កម្ពុជាជាច្រើនកន្លែងនៅតែត្រូវបានកាន់កាប់ ដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ។ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ២ម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ។ ការធានាឱ្យពួកគាត់អាចវិលត្រឡប់ទៅវិញដោយសុវត្ថិភាពនិងដោយសេចក្តីថ្លៃថ្នូរ គឺជាអាទិភាពចម្បងរបស់យើង។
សម្ដេចធិបតីហ៊ុន ម៉ាណែត បន្តថា យើងអំពាវនាវឱ្យមានការគោរពយ៉ាងខ្ជាប់ខ្ជួននូវរាល់កិច្ចព្រមព្រៀងជាធរមានទាំងអស់រវាងកម្ពុជា និងថៃ។ ក្នុងន័យនេះ, យើងស្នើសុំ ឱ្យមានការចាប់ផ្តើមឡើងវិញនូវការងារវាស់វែង និងខណ្ឌសីមាព្រំដែន គោក។ ព្រំដែនកម្ពុជា-ថៃមិនមែនជាព្រំដែនថ្មីនោះទេ វាជាព្រំដែនអន្តរ-ជាតិដែលទទួលស្គាល់ដោយក្របខ័ណ្ឌច្បាប់អន្តរជាតិ ហើយត្រូវបាន គូសវាសយ៉ាងច្បាស់លាស់រួចហើយតាំងពីជាងមួយសតវត្សរ៍មុនមកម្លេះ។ ដូច្នេះ,នេះគឺជាខ្សែបន្ទាត់ព្រំដែនដែលភាគីទាំងអស់ត្រូវតែទទួលស្គាល់ និងគោរពយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់អន្តរជាតិ។ រីឯនៅតំបន់សមុទ្រវិញ, យើងបានជ្រើសរើសយកផ្លូវច្បាប់ តាមរយៈការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហ-ប្រជាជាតិស្តីពីនីតិសមុទ្រ។ប្រទេសថៃបានចូលរួមក្នុងនីតិវិធីនេះ ដែលនេះជាសញ្ញាដ៏មានក្តីសង្ឃឹមមួយ។
សម្តេចធិបតីនាយករដ្ឋមន្រ្តីបញ្ជាក់ថាកម្ពុជាមានឆន្ទៈច្បាស់លាស់ គឺ យើងចង់បានព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃ ជាខ្សែបន្ទាត់ព្រំដែនដែល ការពារនិងនាំឱ្យប្រជាជននៃប្រទេសទាំងពីរកាន់តែខិតជិតគ្នាបន្ថែមទៀត។ គោលការណ៍នេះ គឺជាបញ្ហាដែលពាក់ព័ន្ធដល់សហគមន៍អន្តរ-ជាតិទាំងមូល។ គ្មានព្រំដែនណាមួយត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងអាវុធ ឬការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (Faits Accomplis) នោះឡើយ។ការគោរពច្បាប់អន្តរជាតិ គឺជាការធានាបាននូវសន្តិសុខដល់គ្រប់បណ្តារដ្ឋ មិនថាជារដ្ឋធំ ឬតូចឡើយ។
ក្នុងសុន្ទរកថាដដែល សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់អាស៊ាន និងបណ្តាប្រទេសមិត្ត ទាំងអស់នៃសហគមន៍អន្តរជាតិ ដែលបានគាំទ្របទឈប់បាញ់ និង ដំណោះស្រាយតាមរយៈកិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ។
សម្ដេចគូសរំលេចថា ទាំងនេះហើយ ជាចំណុចស្នូលដ៏សំខាន់នៃមូលបទរបស់យើង៖ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ការរួមគ្នាបន្តកសាងសន្តិភាព គឺជាការបដិសេធចោលនូវភាពស៊ាំ នឹងសង្រ្គាម។ ការការពារគឺប្រសើរជាងព្យាបាល ហើយការកសាងសន្តិភាពត្រូវការពេលវេលាច្រើនជំនាន់ ប៉ុន្តែការបាត់បង់សន្តិភាព អាចកើតឡើងក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
សន្តិភាពបង្កើតឱ្យមានទំនុកចិត្ត។ ទំនុកចិត្តទាក់ទាញការវិនិយោគ ហើយវិបុលភាពរួម គឺជាកត្តាការពារសន្តិភាព៕
ដោយ៖ទួន សុផល ,សៅ សុខអេង

