អគ្គលេខាធិការហ្វ្រង់កូហ្វូនី៖ ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលលើកទី២០ របស់កម្ពុជា គឺជាការរំលឹកឡើងវិញនូវស្នាព្រះហស្ត សម្តេចព្រះបរមរតនកោដ្ឋ ក្នុងនាមព្រះបិតាស្ថាបនិក
អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ បានចាត់ទុកការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ របស់កម្ពុជា ថាជាពេលវេលាដ៏មានអត្ថន័យ ក្នុងការរំលឹកឡើងវិញនូវព្រះរាជបូជនីយកិច្ចរបស់ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលជាព្រះវររាជបិតាស្ថាបនិករួមនៃអង្គការនេះ។ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលនេះដដែល លោកជំទាវ ក៏បានកោតសរសើរកម្ពុជាថា ជាបេះដូងនៃអាស៊ីអាគ្នេយ៍ និងជាចំណុចប្រសព្វដ៏សំខាន់សម្រាប់ការសន្ទនារកសន្តិភាពពិភពលោក។»
ក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការហ្វ្រង់កូហ្វូនី បានគូសរំលេចពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា ចំពោះភាសាបារាំង និងសហគមន៍ហ្វ្រង់កូហ្វូនី។ លោកជំទាវ បានលើកឡើងនូវពាក្យស្លោកខ្មែរថា «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់» ដើម្បីឆ្លុះបញ្ចាំងពីការបន្តវេនរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ពីសម្តេចព្រះបរមរតនកោដ្ឋ តាមរយៈការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និង «ស្នាមញញឹមនៃហ្វ្រង់កូហ្វូនី» ដូចដែលព្រះអង្គធ្លាប់មានព្រះរាជបន្ទូល កាលពីបិទកិច្ចប្រជុំកំពូលលើកទី១៩ ឆ្នាំ២០២៤។
លោកជំទាវអគ្គលេខាធិការបានបន្ថែមថា ការជួបជុំរបស់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលមកពី ៨៨ ប្រទេស លើទ្វីបទាំង៥ នៅលើទឹកដីដែលមានទន្លេមេគង្គហូរកាត់ និងប្រាសាទដ៏ល្អឯករបស់កម្ពុជា គឺជាវេទិកាចរចា និងកិច្ចសហប្រតិបត្តិការដ៏ចាំបាច់ ក្នុងពេលពិភពលោកកំពុងត្រូវការសន្តិភាព។លើសពីនេះលោកជំទាវ ក៏បានវាយតម្លៃខ្ពស់ចំពោះផែនការរបស់កម្ពុជា ក្នុងការពង្រីកការបង្រៀនភាសាបារាំង ការបណ្តុះបណ្តាលអ្នកបកប្រែ ការទូត សិល្បៈ ព្រមទាំងការជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរួមគ្នា៕
អត្ថបទ៖ ម៉ាដេប៉ូ