កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺវេទិកាអន្តរជាតិដ៏មានសារៈសំខាន់ ដែលបណ្តាប្រទេស និងរដ្ឋាភិបាល មកពីទ្វីបនានា បានជួបជុំគ្នាដើម្បីស្វែងរកមធ្យោបាយពង្រឹងកិច្ចសហប្រតិបត្តិការរួម
ភ្នំពេញ៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាវេទិកាអន្តរជាតិដ៏មានសារៈសំខាន់មួយ ដែលបណ្តាប្រទេស និងរដ្ឋាភិបាលមកពីទ្វីបនានា បានជួបជុំគ្នាដើម្បីពិភាក្សា ផ្លាស់ប្តូរទស្សនៈ និងស្វែងរកមធ្យោបាយពង្រឹងកិច្ចសហប្រតិបត្តិការរួម ក្នុងគោលដៅកសាងសន្តិភាព វិបុលភាពរួម និងស្ថិរភាពយូរអង្វែង។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បានមានប្រសាសន៍ថា ថ្ងៃនេះ ជាថ្ងៃដ៏មានសារៈសំខាន់ និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែល«កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្រោមប្រធានបទ«រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដែលមានមេដឹកនាំ និងគណៈប្រតិភូមកពីបណ្តាប្រទេស និងរដ្ឋាភិបាលក្នុងសហគមន៍ហ្វ្រង់កូហ្វូនីជាង ៨១ ចូលរួម ត្រូវបានបើកជាផ្លូវការក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅភ្នំពេញ គឺជាកិច្ចប្រជុំកំពូលទី២ នៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលជិត៣០ឆ្នាំ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ នៅឆ្នាំ១៩៩៧។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការជួបជុំគ្នានៅរាជធានីភ្នំពេញនាពេលនេះ មិនមែនគ្រាន់តែជាព្រឹត្តិការណ៍ការទូត ឬជាការអបអរសាទរភាសា និងវប្បធម៌បារាំងប៉ុណ្ណោះទេ។ នេះគឺជាវេទិកាអន្តរជាតិដ៏មានសារៈសំខាន់មួយ ដែលបណ្តាប្រទេស និងរដ្ឋាភិបាលមកពីទ្វីបនានា បានជួបជុំគ្នាដើម្បីពិភាក្សា ផ្លាស់ប្តូរទស្សនៈ និងស្វែងរកមធ្យោបាយពង្រឹងកិច្ចសហប្រតិបត្តិការរួម ក្នុងគោលដៅកសាងសន្តិភាព វិបុលភាពរួម និងស្ថិរភាពយូរអង្វែង។ កម្ពុជាមិនត្រឹមតែមានកិត្តិយសទទួលស្វាគមន៍ពិភពហ្វ្រង់កូហ្វូនីប៉ុណ្ណោះទេ ប៉ុន្តែក៏មានឱកាសរួមចំណែកក្នុងកិច្ចសន្ទនាអន្តរជាតិអំពីបញ្ហាដែលមានសារៈសំខាន់ចំពោះអនាគតរបស់មនុស្សជាតិផងដែរ៕
ដោយ៖ពលជ័យ






