អ៊ីរ៉ង់ ប្រកាសត្រៀមខ្លួនរួចជាស្រេច ទាំងការចរចា និងធ្វើសង្គ្រាមជាមួយ អាមេរិក
តេហេរ៉ង់ ៖ លោក Mohammad Bagher Ghalibaf ដែលជាប្រធានសភា និងជាប្រមុខក្រុមចរចាអ៊ីរ៉ង់ បានព្រមានធ្ងន់ៗថា ទីក្រុងតេហេរ៉ង់បានត្រៀមខ្លួនរួចជាស្រេច មិនថា ការចរចា និងធ្វើសង្គ្រាមជាមួយអាមេរិក ពីព្រោះអ៊ីរ៉ង់មិនបន្តស្ថិតក្នុងស្ថានភាព “មិនមែនសង្គ្រាម ហើយក៏មិនមែនសន្តិភាពតទៀតឡើយ ។
ការព្រមាននេះកើតឡើងចំពេលដែលជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់កំពុងជាប់គាំងអស់រយៈពេលជាង ៨ ខែមកហើយ ។ លោក Ghalibaf បានថ្លែងក្នុងកិច្ចប្រជុំសភាតាមអនឡាញកាលពីថ្ងៃ អាទិត្យ ថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់គ្រប់សេណារីយ៉ូ មិនថា អាមេរិកចង់ចរចា ឬចង់ធ្វើសង្គ្រាមបន្តទៀតនោះទេ ។
បើតាម Anadolu, លោក Ghalibaf បានថ្លែងអះអាងថា ផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងនៅតែបើកចំហ ប្រសិនបើអាមេរិកយល់ព្រមទទួលយកលក្ខខណ្ឌសមហេតុផលទាំង ៧ របស់អ៊ីរ៉ង់ ។
យ៉ាងណា ប្រធានសភាអ៊ីរ៉ង់រូបនេះ បានព្រមានមុនថា ប្រសិនបើអាមេរិកហ៊ានបង្កកំហុសឆ្គងផ្នែកយោធាជាថ្មីម្តងទៀត នោះសមត្ថភាព និងការប្តេជ្ញាចិត្តរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ នឹងក្លាយជាអ្នកកំណត់វិសាលភាពភូមិសាស្ត្រនៃសមរភូមិ មិនមែនជាបំណងប្រាថ្នារបស់អាមេរិកទៀតឡើយ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
