កម្ពុជា-បារាំង បានចុះហត្ថលេខាលើឯកសារជាប្រវត្តិសាស្ត្រចំនួន ២៩ ក្នុងដំណើរទស្សនកិច្ចប្រធានាធិបតីបារាំង
កាលពីល្ងាចថ្ងៃអាទិត្យទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយទៀតនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងបារាំង ពោលគឺរយៈពេល ៦០ឆ្នាំគត់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតីបារាំង ឯកឧត្តម ហ្សាល ដឺហ្គោល (Charles de Gaulle)។ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានចូលក្រាបបង្គំគាល់ព្រះករុណាព្រះមហាក្សត្រ ជួបពិភាក្សាការងារកំពូលជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងឈានដល់ការចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ២៩ ច្បាប់។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃអាទិត្យទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានអញ្ជើញចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ប្រកបដោយព្រះរាជហឫទ័យស្និទ្ធស្នាល និងកក់ក្តៅបំផុត។ ព្រះរាជសវនាការដ៏ឧត្តុង្គឧត្តមនេះ បានឆ្លុះបញ្ចាំងពីចំណងមិត្តភាពជាប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅ រវាងព្រះរាជវង្សានុវង្សកម្ពុជា និងសាធារណរដ្ឋបារាំង ដែលត្រូវបានពូនជ្រំតាំងពីសម័យព្រះករុណាព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ រហូតមកដល់បច្ចុប្បន្ន។
នៅកម្ពុជាដដែល មុននឹងឈានដល់ជំនួបផ្លូវការនានា វត្តមានរបស់ប្រធានាធិបតីបារាំង និងលោកជំទាវ បានទទួលការស្វាគមន៍ និងក្តីស្រឡាញ់យ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរតាមបណ្តាញសង្គម តាមរយៈសកម្មភាពទស្សនាអាកាសយានដ្ឋានអន្តរជាតិតេជោ និងការដើរកម្សាន្តដោយផ្ទាល់នៅតាមមាត់ទន្លេ និងមុខព្រះបរមរាជវាំងនាពេលរាត្រី។
ដោយឡែកនៅរសៀលថ្ងៃទី១៥ វិច្ឆិកា នាវិមានសាមគ្គីភាពនៃព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតីបារាំង។ តាមរយៈអ្នកនាំពាក្យព្រឹទ្ធសភា ឯកឧត្តម ជា ធីរិទ្ធ ,ក្នុងជំនួបដ៏កក់ក្តៅនេះ សម្តេចតេជោ បានចាត់ទុកដំណើរទស្សនកិច្ចនេះថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ៦០ឆ្នាំក្រោយទស្សនកិច្ចរបស់លោក ហ្សាល ដឺហ្គោល និងបានកោតសរសើរចំពោះភាពស្និទ្ធស្នាលរបស់ប្រធានាធិបតីបារាំងជាមួយពលរដ្ឋកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម ម៉ាក្រុង បានរំលឹកពីមនោសញ្ចេតនា និងការជឿទុកចិត្តចំពោះសម្តេចតេជោ ចាប់តាំងពីជំនួបនៅបារាំងកាលពីឆ្នាំ២០២២ ព្រមទាំងបានលើកសរសើរព្រះរាជតួនាទីដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះបរមរតនកោដ្ឋ ក្នុងនាមជាស្ថាបនិកមួយរូបនៃអង្គការហ្វ្រង់កូហ្វូនី ខណៈដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាពេលនេះ។
នាល្ងាចដដែល នៅវិមានសន្តិភាព ជំនួបកំពូលរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង បានបង្កើតសមិទ្ធផលដ៏ត្រចះត្រចង់ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នាចំនួន ២៩ ឯកសារ ដែលជាឯតទគ្គកម្មថ្មីសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧។ ឯកសារទាំងនោះ គ្របដណ្តប់លើវិស័យយុទ្ធសាស្ត្រសំខាន់ៗ ដូចជា កិច្ចព្រមព្រៀងពន្ធដារទ្វេភាគី វិស័យការពារជាតិ ការរៀបចំវិជ្ជាជីវៈបេតិកភណ្ឌ ថាមពលវារីអគ្គិសនី ស្រាវជ្រាវសុខភាពសាធារណៈ ទីផ្សារបោះដុំ ព្រមទាំងកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជនចំនួន ២៣ ផ្សេងទៀត។
ក្នុងសន្និសីទសារព័ត៌មានរួម សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ភាពជាដៃគូកម្ពុជា-បារាំង ដែលមានប្រវត្តិទស្សនកិច្ច ៦០ឆ្នាំក្រោយលោក ហ្សាល ដឺហ្គោល និង ៣៣ឆ្នាំក្រោយលោក ហ្វ្រង់ស័រ មីតេរ៉ង់ (François Mitterrand) គឺជាសក្ខីភាពបង្ហាញថា ប្រទេសតូចឬធំ អាចធ្វើការរួមគ្នាដោយស្មើមុខស្មើមាត់។ ទន្ទឹមនឹងការអបអរខួប ៨០ឆ្នាំនៃកិច្ចសហប្រតិបត្តិការយោធា និងការគាំទ្ររបស់ទីភ្នាក់ងារ AFD តាំងពីឆ្នាំ១៩៩៣ មេដឹកនាំទាំងពីរក៏បានប្តេជ្ញារួមគ្នាបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។
ដោយឡែក ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសបារាំង និងឯកឧត្តមប្រធានាធិបតី ម៉ាក្រុង ផ្ទាល់ ដែលបានខិតខំជួយសម្របសម្រួលស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី។ ជាមួយគ្នានេះ លើវិស័យវប្បធម៌ ការជួសជុលប្រាសាទមេបុណ្យខាងលិចក្រោមជំនួយរបស់បារាំងត្រូវបានបញ្ចប់ជាស្ថាពរ ហើយនៅថ្ងៃទី១៦ ខែវិច្ឆិកា នេះ ព្រះករុណាព្រះមហាក្សត្រ និងឯកឧត្តមប្រធានាធិបតី ម៉ាក្រុង នឹងស្តេចយាង និងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់រួមគ្នា ដើម្បីអបអរសាទរសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ នៅលើទឹកដីអង្គរ ខេត្តសៀមរាប។
អ្នកតាមដាននយោបាយនៅកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំងនៅកម្ពុជានាពេលនេះ បានផ្តល់នូវសន្ទុះ និងត្រីវិស័យថ្មីដ៏រឹងមាំ ក្នុងការនាំទំនាក់ទំនងកម្ពុជា-បារាំង ឈានទៅកាន់កម្រិតខ្ពស់មួយទៀត ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ និងសន្តិភាពក្នុងតំបន់។
សូមជម្រាបថា ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងនិងលោកជំទាវបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្របពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វីនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕
ដោយ៖វណ្ណលុក



