បារាំង ជាភាសាមានអ្នកនិយាយច្រើនជាងគេលំដាប់ទី ៤ របស់ពិភពលោក រហូតដល់ជិត ៤០០ លាននាក់
ភ្នំពេញ ៖ ភាសាបារាំងកំពុងពង្រីកឥទ្ធិពល និងតួនាទីរបស់ខ្លួនកាន់តែខ្លាំងនៅលើឆាកអន្តរជាតិ ដោយបច្ចុប្បន្នបានក្លាយជាភាសាមានអ្នកនិយាយច្រើនបំផុតលំដាប់ទី៤របស់ពិភពលោក បន្ទាប់ពីភាសាអង់គ្លេស ភាសាចិនកុកងឺ និងភាសាអេស្ប៉ាញ ។ នេះបើតាមសារព័ត៌មានរវ៉ាន់ដា តាអារីហ្វា ចេញផ្សាយកាលពីថ្ងៃអាទិត្យ ។
យោងតាមទិន្នន័យរបស់អង្គការអន្តរជាតិនៃហ្វ្រង់កូហ្វូនី ហៅកាត់ (OIF) បានឱ្យដឹងថា នៅឆ្នាំ២០២៥ ភាសាបារាំងមានអ្នកនិយាយប្រមាណ ៣៩៦លាននាក់នៅទូទាំងពិភពលោក ដែលចំនួននេះខ្ពស់ជាងអ្នកនិយាយភាសាអារ៉ាប់ស្តង់ដារ ដែលមានប្រមាណ ៣៣៥លាននាក់ ។
ទ្វីបអាហ្វ្រិក គឺជាតំបន់ដែលមានអ្នកនិយាយភាសាបារាំងច្រើនជាងគេ ដោយមានចំនួនប្រមាណ ៦៥ភាគរយ នៃអ្នកនិយាយភាសាបារាំងទាំងអស់នៅលើពិភពលោក ។
ក្នុងចំណោមប្រទេសនានា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោមានអ្នកនិយាយភាសាបារាំងច្រើនជាងគេ ដោយមានចំនួនជាង ៥៧លាននាក់ ។ បន្ទាប់មកគឺប្រទេសអាល់ហ្សេរី មានជាង ១៥លាននាក់ និងប្រទេសម៉ារ៉ុក មានជិត ១៤លាននាក់ ។
លោកស្រី ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការអង្គការ OIF បានបង្ហាញក្នុងរបាយការណ៍របស់លោកស្រីថា ចំនួនអ្នកនិយាយភាសាបារាំងអាចកើនឡើងដល់ ៥៩០លាននាក់នៅត្រឹមឆ្នាំ២០៥០ខាងមុខ ។
លោកស្រីថា ក្នុងចំណោមអ្នកនិយាយភាសាបារាំងនាពេលអនាគត ក្នុងនោះ១០នាក់ មានរហូតដល់ ៩នាក់ នឹងរស់នៅក្នុងទ្វីបអាហ្វ្រិក ។
លោកស្រីក៏បានព្យាករណ៍ដែរថា អនាគតនៃភាសាបារាំងនឹងលែងត្រូវបានកំណត់ដោយទីក្រុងប៉ារីសតែមួយទៀតហើយ ប៉ុន្តែនឹងត្រូវបានជំរុញដោយទីក្រុងនានានៅជុំវិញពិភពលោក ដូចជា អាប៊ីដហ្សង់ បេរូត ព្រុចសែល ដាកា គីនសាសា ម៉ុងរ៉េអាល់ ព័រតូអូព្រីន ទុយនីស និងយ៉ោនដេ ។
ក្រៅពីនេះ ភាសាបារាំងក៏ជាភាសាបរទេសដែលមានអ្នកសិក្សាច្រើនបំផុតលំដាប់ទី២លើពិភពលោក បន្ទាប់ពីភាសាអង់គ្លេស ដោយមានអ្នកកំពុងសិក្សាប្រមាណ ១៧០លាននាក់ ។
ជាក់ស្តែង ភាសាបារាំងនៅតែមានសារៈសំខាន់ ក្នុងវិស័យការទូត ទេសចរណ៍ និងច្បាប់អន្តរជាតិ ព្រមទាំងដើរតួនាទីជាឧបករណ៍សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា ៕


ប្រភព ៖ Taarifa ប្រែសម្រួល ៖ ឈឹម ទីណា