សម្តេចប្រធានរដ្ឋសភា លើកឡើងពីបញ្ហាព្រំដែនកម្ពុជា-ថៃ និងស្ថានភាពពលរដ្ឋភៀសសឹក ក្នុងជំនួបជាមួយតំណាងរាស្ត្រអូស្ត្រាលី​នៅទីក្រុងម៉ានីល

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកជំទាវ Louise Miller-Fort សមាជិកសភាសហព័ន្ធអូស្ត្រាលី និងជាប្រធានគណៈកម្មការគោល នយោបាយសង្គម និងកិច្ចការច្បាប់ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃ​ព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបណ្តាលឱ្យពលរដ្ឋខ្មែរប្រមាណ ២ម៉ឺននាក់ត្រូវភៀស​សឹក និងកំពុងរស់នៅក្នុងទីជម្រកបណ្តោះអាសន្ន។

ក្នុងឱកាសដែលសម្តេចប្រធានរដ្ឋសភា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៧ នៅប្រទេស​ហ្វីលីពីន សម្ដេចបានជួបជំនួបពិភាក្សាការងារជាមួយ លោកជំទាវ Louise Miller-Fort សមាជិកសភាសហព័ន្ធអូស្ត្រាលីថ្លែងក្នុង​​​​​ជំនួប​នោះ សម្តេច ឃួន សុដារី បានគូសបញ្ជាក់ប្រាប់ភាគីអូស្ត្រាលីថា ការរំលោភបំពាន និងការកាន់កាប់តំបន់មួយចំនួនពីសំណាក់ភាគីថៃ ទោះបី​មានកិច្ចព្រមព្រៀងឈប់បាញ់ក៏ដោយ បានធ្វើឱ្យពលរដ្ឋកម្ពុជាមិនអាចវិលត្រឡប់ទៅលំនៅឋានវិញបាន ។

ពាក់ព័ន្ធនឹងជំហររបស់កម្ពុជា សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា កម្ពុជាតែងតែគោរពច្បាប់អន្តរជាតិ ស្រឡាញ់សន្តិភាព និងប្រកាន់​ខ្ជាប់​ការដោះស្រាយជម្លោះដោយសន្តិវិធីតាមយន្តការទ្វេភាគីដែលមានស្រាប់។ ចំពោះបញ្ហាព្រំដែនគោក សម្តេចបានបញ្ជាក់ថា កម្ពុជា​ទាមទារ​ឱ្យភាគីថៃគោរពផែនទីផ្លូវការដែលទទួលស្គាល់ជាអន្តរជាតិ ហើយកម្ពុជាមិនអាចទទួលយកការកំណត់​ព្រំដែនដោយប្រើ​ប្រាស់កម្លាំង ឬធ្វើឡើងដោយឯកតោភាគីបានឡើយ។ ដោយឡែក ចំពោះតំបន់ដែនសមុទ្រត្រួតស៊ីគ្នា ភាគីទាំងពីរកំពុងដោះស្រាយ​តាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលក្នុងនោះ កម្ពុជាវាយតម្លៃខ្ពស់ចំពោះជំនាញ និងតួនាទីរបស់​អូស្ត្រាលី តាមរយៈការតែងតាំងលោកស្រី ខាទ្រីណា ឃូភើ (Katrina Cooper) ជាប្រធានគណៈកម្មការផ្សះផ្សា ដើម្បីដោះស្រាយវិវាទ​ដែនសមុទ្ររវាងកម្ពុជា និងថៃ។

ជាការឆ្លើយតប លោកជំទាវ Louise Miller-Fort បានឯកភាពចំពោះការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានវាយតម្លៃ​ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន រួមទាំងការរក្សាសន្តិភាពផងដែរ។ លោកជំទាវបានបង្ហាញ​ជំនឿមុតមាំថា ជម្លោះព្រំដែនកម្ពុជា-ថៃ នឹងត្រូវបានដោះស្រាយដោយសន្តិវិធីក្នុងពេលឆាប់ៗខាងមុខ។

ក្រៅពីបញ្ហាតំបន់ ថ្នាក់ដឹកនាំសភាទាំងពីរក៏បានពិភាក្សាដោយបើកចំហអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី លើវិស័យនីតិប្បញ្ញត្តិ ពាណិជ្ជកម្ម ទេសចរណ៍ និងការអប់រំ។ សម្តេច ឃួន សុដារី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលតែងតែគាំទ្រការស្វែងរក​សន្តិភាព និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ សម្តេចបានស្នើឱ្យរដ្ឋសភាអូស្ត្រាលី បន្តជំរុញកិច្ចសហប្រតិបត្តិការសភាឱ្យកាន់តែស៊ីជម្រៅ និងជួយទាក់ទាញអ្នកវិនិយោគ ព្រមទាំងភ្ញៀវ​ទេសចរអូស្ត្រាលី មកកាន់ប្រទេសកម្ពុជាឱ្យកាន់តែច្រើនថែមទៀត៕


ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner