កម្ពុជា អបអរ និងគាំទ្រសិង្ហបុរី ដែលទទួលធ្វើជាប្រធានប្តូរវេនអាស៊ានសម្រាប់ឆ្នាំ២០២៧ ឱ្យទទួលបានជោគជ័យ
ម៉ានីល៖ កម្ពុជា បានថ្លែងអបអរសាទរ និងគាំទ្រសិង្ហបុរី ដែលទទួលធ្វើជាប្រធានប្តូរវេនអាស៊ាន សម្រាប់ឆ្នាំ២០២៧ ខាងមុខនេះ ឱ្យទទួលបានជោគជ័យ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាបថ្លែងបែបនេះ ក្នុងឱកាសជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្រ្តីសិង្ហបុរី នាល្ងាច ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងម៉ានីល នៃសាធារណរដ្ឋហ្វីលីពីន នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ក្នុងឱកាសនៃជំនួប សម្ដេចធិបតីបានសម្ដែងនូវសេចក្ដីពេញចិត្តចំពោះវឌ្ឍនភាពជាបន្តបន្ទាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។
ជាមួយគ្នានេះ សម្ដេចធិបតីក៏បានអបអរសាទរ និងគាំទ្រសិង្ហបុរី ដែលនទទួលធ្វើជាប្រធានប្តូរវេនរបស់អាស៊ានសម្រាប់ឆ្នាំ២០២៧ ខាងមុខនេះ ឱ្យទទួលបានជោគជ័យ។
ជាមួយគ្នានេះ សម្ដេចធិបតីបានសម្ដែងនូវសុទិដ្ឋិនិយមថា កម្ពុជា-សិង្ហបុរី នឹងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ដើម្បីបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀតលើគ្រប់វិស័យ។
ជាការឆ្លើយតប ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី បានសម្ដែងនូវការរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតី ជាថ្មី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អយូរអង្វែង និងប្រកបដោយផ្លែផ្កា ។
ឯកឧត្តមក៏បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់សិង្ហបុរីក្នុងការបន្តជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។
សម្ដេចធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី ឯកភាពបន្តពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្កានុពលថ្មីៗបន្ថែមទៀត រួមមាន៖ សេដ្ឋកិច្ច និងការវិនិយោគ, ការបណ្ដុះបណ្ដាលធនធានមនុស្ស, សន្ដិសុខ និងការពារជាតិ ព្រមទាំង កិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត, សន្តិសុខសាយប័រ, ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងរួមចំណែកដល់ការធានានូវសន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងសកលលោក។
ជាមួយគ្នានេះ, ថ្នាក់ដឹកនាំទាំងពីរក៏បានបន្តពិភាក្សា និងផ្លាប្ដូរយោបល់គ្នាផងដែរ លើស្ថានការណ៍ក្នុងតំបន់ និងពិភពលោក ដែលកំពុងផ្លាស់ប្ដូរ និងប្រែប្រួលឥតឈប់ឈរ៕








