ប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ប្តេជ្ញារួមគ្នាពូនជ្រំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ

ភ្នំពេញ៖ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារ​ត្រីភាគីជាមួយប្រធានរដ្ឋសភាឡាវ និងប្រធានរដ្ឋសភាវៀតណាម ដោយបានប្តេជ្ញារួមគ្នាបន្តពង្រឹងទំនាក់ទំនងអ្នកជិតខាងល្អ និងជំរុញ​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋនៃប្រទេសទាំងបី។

អាន៖នៅសណ្ឋាគារ Shangri-Laក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី​៤៧កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចប្រធានរដ្ឋសភា ឃួន សុដារី បានជួបពិភាក្សាការងារក្នុងពេលអាហារពេលព្រឹក ជាមួយឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) ប្រធានរដ្ឋសភាឡាវ និងឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា​វៀតណាម។

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាទាំងបី បានប្តេជ្ញាបន្តពូនជ្រំទំនាក់ទំនងជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងពង្រឹងការតភ្ជាប់ទំនាក់ទំនង​រវាងប្រជាជននិងប្រជាជន ពីជំនាន់មួយទៅជំនាន់មួយ ក្រោមពាក្យស្លោក «តភ្ជាប់យុវជន និងភាពជាអ្នកដឹកនាំ»។ ទន្ទឹមនឹងនេះ ភាគីទាំង​បីនឹងជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្រប់កម្រិត ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច អប់រំ និងបច្ចេក​វិទ្យា ដែលមិនត្រឹមតែផ្តល់ប្រយោជន៍ដល់ប្រទេសទាំងបីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ផងដែរ។

សម្តេចប្រធានរដ្ឋសភា ឃួន សុដារី បានលើកឡើងថា ក្នុងកាលៈទេសៈដែលស្ថានការណ៍តំបន់ និងសកលលោកកំពុងប្រែប្រួល​យ៉ាង​ស្មុគស្មាញ កិច្ចសន្ទនាដោយស្មោះត្រង់ និងទៀងទាត់រវាងប្រទេសភូមិផងរបងជាមួយ គឺជាភាពចាំបាច់ជាយុទ្ធសាស្ត្រ ដើម្បីពង្រឹង​ជំនឿ​ទុកចិត្តខាងនយោបាយ។ សម្តេចបានសង្កត់ធ្ងន់ថា កម្ពុជាតែងតែចាត់ទុកទំនាក់ទំនងជាមួយប្រទេសជិតខាង ជាអាទិភាពខ្ពស់បំផុតនៃ​គោលនយោបាយការបរទេស ដោយឈរលើការគោរពគ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍រួម។

ក្នុងឱកាសដដែលនោះដែរ សម្តេចប្រធានរដ្ឋសភា ក៏បានអបអរសាទរឯកឧត្តម សនសៃ ស៊ីផាន់ដន ដែលត្រូវបានរដ្ឋសភាឡាវ បោះឆ្នោត​ជ្រើសតាំងជាប្រធានរដ្ឋសភា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ ដោយអះអាងថា រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការ​សហការជិតស្និទ្ធ ដើម្បីពង្រឹងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងបីឱ្យកាន់តែរឹងមាំ។

ចំណែកប្រធានរដ្ឋសភាឡាវ និងវៀតណាម បានអបអរសាទរកម្ពុជា ដែលបានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ប្រកបដោយជោគជ័យ ធ្វើឱ្យតួនាទីរបស់កម្ពុជាកាន់តែលេចធ្លោលើឆាកអន្តរជាតិ។

ថ្នាក់ដឹកនាំរដ្ឋសភាទាំងបី បានវាយតម្លៃខ្ពស់ចំពោះតួនាទី «ការទូតសភា» ដែលជាសសរស្តម្ភបំពេញបន្ថែមឱ្យការទូតគណបក្ស រដ្ឋាភិបាល និងប្រជាជន ព្រមទាំងប្តេជ្ញាជំរុញរាល់កិច្ចព្រមព្រៀងនានាឱ្យចេញជាលទ្ធផលជាក់ស្តែង លើវិស័យទេសចរណ៍ ពាណិជ្ជកម្ម សន្តិសុខ អប់រំ វប្បធម៌ និងការប្រែក្លាយបន្ទាត់ព្រំដែន ទៅជាព្រំដែនសន្តិភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព៕


ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner