លោក ត្រាំ ប្រាប់មេដឹកនាំ អាស៊ាន ឲ្យហៅទូរស័ព្ទមកលោកដោយផ្ទាល់ ពេលជួបបញ្ហាអ្វីមួយ
ម៉ានីល ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់មេដឹកនាំអាស៊ានឲ្យទាក់ទងមកលោកដោយផ្ទាល់ នៅពេលមានបញ្ហាអ្វីមួយកើតឡើង ដោយលោកប្រកាសចាត់ទុកបណ្តាមេដឹកនាំប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងនេះថា ជា «មិត្តដ៏ល្អ» របស់ទីក្រុងវ៉ាស៊ីនតោន ។
បើតាម ABS-CBN, លោក ដូណាល់ ត្រាំ បានលើកឡើងបែបនេះនៅក្នុងសុន្ទរកថាមួយ អំឡុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក កាលពីថ្ងៃអង្គារ ពោលរយៈពេលពីរបីម៉ោង បន្ទាប់ពីលោកបានអញ្ជើញទៅដល់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន និងមុនពេលលោកបន្តចេញដំណើរទៅចូលរួមក្នុងកិច្ចប្រជុំកំពូល APEC នៅប្រទេសចិន ។
លោក ត្រាំ រៀបរាប់ថា «អាមេរិកគាំទ្រដៃគូ និងសម្ព័ន្ធមិត្តរបស់ខ្លួន ១០០ ភាគរយ ហើយប្រសិនបើអាស៊ានមានបញ្ហា សូមទាក់ទងមកកាន់រូបលោក ឬទាក់ទងទៅកាន់លោករដ្ឋមន្ត្រី Marco Rubio និងមន្ត្រីផ្សេងទៀតបាន ។
ប៉ុន្តែក្នុងករណីមន្ត្រីទាំងនេះមិនឆ្លើយតបទេនោះ សូមអាស៊ានទាក់ទងមករូបលោកដោយផ្ទាល់ លោកនឹងទទួលការហៅទូរស័ព្ទរបស់មេដឹកនាំអាស៊ាន ។
លោក ត្រាំ បាននិយាយបែបលេងសើចថា លោកនឹងបណ្តេញ លោក Marco Rubio ចេញពីតំណែងផងដែរ ប្រសិនបើរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ មិនឆ្លើយតបការហៅទូរសព្ទពីសំណាក់មេដឹកនាំអាស៊ានបានទាន់ពេលវេលា ។
ជាមួយគ្នានេះ លោក ត្រាំ ក៏បានសង្កត់ធ្ងន់លើទំនាក់ទំនងរាប់ទសវត្សរ៍រវាងអាមេរិក និងតំបន់អាស៊ានផងដែរថា សហរដ្ឋអាមេរិក ប្តេជ្ញាចិត្តចំពោះភាពជោគជ័យ អធិបតេយ្យភាព និងវិបុលភាពរបស់មិត្តភក្តិ និងដៃគូជាច្រើនរបស់អាមេរិក ។
លោកថា «ចាប់ពីទីនេះ ក្នុងប្រទេសហ្វីលីពីន រហូតដល់បណ្តាប្រទេសនានានៅទូទាំងអាស៊ីអាគ្នេយ៍ និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នេះគឺជាតំបន់មួយក្នុងចំណោមតំបន់ដែលមានភាពរស់រវើក និងមានផលិតភាពបំផុតនៅលើពិភពលោក ដែលពោរពេញទៅដោយសក្តានុពលដ៏ធំធេង» ៕
ប្រភព ៖ abs-cbn ប្រែសម្រួល ៖ សារ៉ាត