អង់គ្លេស សន្យាជួយមីស៊ីលរយៈចម្ងាយជិតជាង ១ ពាន់គ្រាប់ដល់ អ៊ុយក្រែន ទុកទប់ទល់ រុស្ស៊ី ក្នុងរដូវរងា
ព្រុចសែល ៖ ចក្រភពអង់គ្លេសកាលពីថ្ងៃអង្គារបានប្រកាសសន្យាផ្តល់កញ្ចប់ជំនួយការពារដែនអាកាសដល់អ៊ុយក្រែន ដូចជា មីស៊ីលរយៈចម្ងាយជិតជាង ១ ពាន់គ្រាប់, ប្រព័ន្ធបាញ់មីស៊ីល និងប្រព័ន្ធរ៉ាដាច្រើនជាង ១២ គ្រឿង ដើម្បីទុកទប់ទល់រុស្ស៊ីក្នុងរដូវរងាខាងមុខ ។
បើតាមរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Wes Streeting, កញ្ចប់ជំនួយការពារដែនអាកាសទាំងនេះមានទំហំទឹកប្រាក់ប្រមាណ ៣១៧ លានដុល្លារ ។
ការប្រកាសផ្តល់ជំនួយនេះកើតមានឡើង ចំពេលដែលអ៊ុយក្រែនកំពុងត្រៀមខ្លួនទប់ទល់នឹងការវាយប្រហារថ្មីៗរបស់រុស្ស៊ី ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងប្រព័ន្ធផ្គត់ផ្គង់សំខាន់ៗក្នុងរដូវរងាដែលខិតជិតមកដល់ ។
ជុំវិញបញ្ហានេះ ប្រមុខការពារជាតិអង់គ្លេស លោក Wes Streeting ចោទថា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កំពុងប្រើប្រាស់រដូវរងាជាអាវុធ ប៉ុន្តែលោកថា អង់គ្លេសនឹងបន្តគាំទ្រសមត្ថភាពការពារខ្លួនរបស់អ៊ុយក្រែន ដើម្បីទប់ទល់នឹងការវាយប្រហារដ៏ឃោរឃៅរបស់រុស្ស៊ី ។
ជាក់ស្តែង មីស៊ីលដែលអង់គ្លេសត្រៀមប្រគល់ឱ្យអ៊ុយក្រែន បានបង្ហាញពីប្រសិទ្ធភាពរួចហើយ ក្នុងការទប់ស្កាត់ការវាយប្រហាររបស់រុស្ស៊ី ដែលរួមមានយន្តហោះដ្រូនផលិតដោយអ៊ីរ៉ង់ និងយន្តហោះដ្រូនបំពាក់ម៉ាស៊ីនល្បឿនលឿន ។
បើតាម Kyiv Independent, ក្រុមហ៊ុន Thales ដែលជាក្រុមហ៊ុនផលិតសម្ភារការពារជាតិរបស់បារាំង និងមានមូលដ្ឋានផលិតកម្មនៅទីក្រុងប៊ែលហ្វាស់ នឹងទទួលខុសត្រូវលើការផ្គត់ផ្គង់មីស៊ីលទាំងនេះដល់យោធាអ៊ុយក្រែន ខណៈការដឹកជញ្ជូនរំពឹងនឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៦ ។
ក្រៅពីមីស៊ីល កញ្ចប់ជំនួយនេះក៏រួមបញ្ចូលប្រព័ន្ធរ៉ាដាការពារដែនអាកាស ដែលនឹងត្រូវទិញពីប្រភពផ្គត់ផ្គង់នៅអង់គ្លេស និងបណ្តាប្រទេសអឺរ៉ុប ដើម្បីជួយកងកម្លាំងអ៊ុយក្រែនដូចគ្នា ។
កញ្ចប់ជំនួយថ្មីនេះទៀតសោត ក៏ជាផ្នែកមួយនៃកញ្ចប់ជំនួយមានទឹកប្រាក់ជាង ៦៥៩ លានដុល្លារ ដែលទីក្រុងឡុងដ៍បានប្រកាសក្នុងកញ្ចប់ថវិកាជាតិ ដើម្បីដោះស្រាយតម្រូវការបន្ទាន់ផ្នែកការពារដែនអាកាសរបស់អ៊ុយក្រែនផងដែរ ៕
ប្រភព ៖ Kyiv Independent ប្រែសម្រួល ៖ ឈឹម ទីណា
