អាមេនី ប្រកាសបដិសេធមិនចូលរួមជាមួយ ណាតូ ជាដាច់ខាត

យេរ៉េវ៉ាន់ ៖ នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan បានថ្លែងបញ្ជាក់ថា ប្រទេសរបស់លោកនឹងមិនចូលរួមជាមួយអង្គការណាតូ ជាដាច់ខាត។

ថ្លែងអំឡុងសម័យប្រជុំសួរដេញដោល នៅក្នុងរដ្ឋសភា កាលពីថ្ងៃពុធ, លោក Pashinyan បាននិយាយថា លោកមិនបានចុះហត្ថលេខាលើធម្មនុញ្ញមួយ ដែលកំណត់គោលការណ៍សំខាន់ៗនៃសន្តិសុខអឺរ៉ុប នៅក្នុងកិច្ចប្រជុំកំពូលនៃសហគមន៍នយោបាយអឺរ៉ុប នៅទីក្រុង Dublin នោះទេ ដោយសារតែឯកសារនោះមានការលើកឡើងអំពីអង្គការណាតូ។

លោកបានមានប្រសាសន៍ថា «យើងមិនបានចូលរួមទេ ដោយសារហេតុផលមួយ ដែលខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ដៃគូរបស់យើង គឺថា ឯកសារនោះមានការលើកឡើងយ៉ាងច្រើនអំពីអង្គការណាតូ។ ខ្ញុំបានបញ្ជាក់ជំហររបស់យើងយ៉ាងច្បាស់រួចហើយថា យើងបានចាប់ផ្តើមដំណើរការដើម្បីចូលរួមជាមួយសហភាពអឺរ៉ុបប៉ុន្តែ គោលនយោបាយរបស់យើងមិនរួមបញ្ចូលការសម្រេចចិត្តណាមួយក្នុងការចូលរួមជាមួយអង្គការណាតូ ឬ ការស្វែងរកគោលដៅបែបនេះឡើយ»។

នាយករដ្ឋមន្ត្រីរូបនេះបានបន្ថែមថា ទីក្រុង យេរ៉េវ៉ាន់ យល់ឃើញថា ខ្លឹមសារផ្សេងទៀតនៃធម្មនុញ្ញនោះគឺអាចទទួលយកបាន ប៉ុន្តែនឹងមិនអនុម័តគោលនយោបាយចូលរួមជាមួយសម្ព័ន្ធយោធានេះទេ។

លោកបានបន្ថែមទៀតថា ដៃគូអឺរ៉ុបរបស់អាមេនីបានយល់ពីជំហររបស់ប្រទេសនេះហើយ។

បើតាម anadolu, កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ប្រទេសប្រហែល ៤០ បានចុះហត្ថលេខាលើធម្មនុញ្ញនេះ នៅក្នុងកិច្ចប្រជុំកំពូលនៃសហគមន៍នយោបាយអឺរ៉ុប នៅទីក្រុង Dublin ប្រទេស អៀរឡង់។

ឯកសារនេះបានចែងអំពីអ្វីដែលភាគីចុះហត្ថលេខាបានពិពណ៌នាថា ជាគោលការណ៍សំខាន់ៗនៃសន្តិសុខអឺរ៉ុប៕

ប្រភព ៖ anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner