គណៈរដ្ឋមន្ត្រីបើកកិច្ចប្រជុំពេញអង្គដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន ៣
ភ្នំពេញ:នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៣ដែលទាក់ទងនឹងវិស័យសេដ្ឋកិច្ច។
របៀបវារៈចំនួន ៣រួមមាន៖១- សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារ ស្តីពីការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ។
សូមជម្រាបថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៦ ការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) លើកទី១៩ សម្រេចបាន ១៧៣ វិធានការ ស្មើនឹង ៩៦,៦% នៃវិធានការសរុប ១៧៩ វិធានការ ខណៈ ៦ វិធានការ ស្មើនឹង ៣,៤% កំពុងបន្តអនុវត្ត ។ សេចក្តីព្រាងរបាយការណ៍នេះ ត្រូវបានពិនិត្យពិភាក្សា នៅថ្នាក់បច្ចេកទេស និងកិច្ចប្រជុំអន្តរក្រសួង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។
២- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ កិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនប្រើក្រដាសស្នាម ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានពិនិត្យ និងពិភាក្សាក្នុងកិច្ចប្រជុំអន្តរក្រសួង នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ មុនបញ្ជូនមកកាន់ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ។ គោលបំណងសំខាន់ៗនៃសេចក្តីព្រាងច្បាប់នេះ គឺដើម្បីជំរុញការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនតាមប្រព័ន្ធឌីជីថល និងអេឡិចត្រូនិក ដោយកាត់បន្ថយការប្រើប្រាស់ឯកសារក្រដាសស្នាម, បង្កើនល្បឿន តម្លាភាព និងប្រសិទ្ធភាព នៃការបំពេញបែបបទគយ និងនីតិវិធីនាំចេញ-នាំចូល, កាត់បន្ថយពេលវេលា និងចំណាយប្រតិបត្តិការសម្រាប់ធុរជន និងវិស័យឯកជនក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងពង្រឹងការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) របស់កម្ពុជា ជាមួយបណ្តាប្រទេសជាសមាជិកដទៃទៀត ។
ចំណែករបៀបវារៈទី៣ គឺសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារដំឡើងកម្រិត កិច្ចព្រមព្រៀងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀត ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ រវាង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋប្រជាមានិតចិន ។
សូមជម្រាបថា ពិធីសារដំឡើងកម្រិតកិច្ចព្រមព្រៀងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀត ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ រវាងអាស៊ាន និងចិន ត្រូវបានមេដឹកនាំចិន និងអាស៊ាន បានចុះហត្ថលេខាជាផ្លូវការ ក្នុងអំឡុងកិច្ចប្រជុំកំពូល អាស៊ាន-ចិន លើកទី២៨ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។ ពិធីសារនេះ គ្រប់ដណ្តប់លើវិស័យសំខាន់ៗចំនួន ៩ រួមមាន៖ សេដ្ឋកិច្ចឌីជីថល, សេដ្ឋកិច្ចបៃតង, ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់, ស្តង់ដារ និងបទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃការអនុលោម, វិធានការអនាម័យ និងភូតគាមអនាម័យ, នីតិវិធីគយ និងការសម្របសម្រួលពាណិជ្ជកម្ម, ការប្រកួតប្រជែង និងការការពារអ្នកប្រើប្រាស់, សហគ្រាសខ្នាតតូច និង មធ្យម, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកវិទ្យា ។
សម្រាប់កម្ពុជា កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង មានភាពទាក់ទាញខ្លាំងណាស់ ។ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល នឹងជួយលើកកម្ពស់តួនាទី របស់កម្ពុជា ក្នុងផែនសេដ្ឋកិច្ចឌីជីថលជាសកល លើកកម្ពស់កំណើនយ៉ាងឆាប់រហ័ស នៃពាណិជ្ជកម្មអេឡិចត្រូនិក ការទូទាត់ឌីជីថល និងវិស័យផ្សេងៗទៀត ។ ពិធីសារនេះ ក៏នឹងផ្តល់ការយកចិត្តទុកដាក់ និងការគាំទ្រចំពោះសហគ្រារតូច និងមធ្យម ដែលឆ្លុះបញ្ចាំង ពីការរួមបញ្ចូលគ្នានៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន។ សហគ្រាសតូច និងមធ្យម គឺជាផ្នែកសំខាន់នៃសេដ្ឋកិច្ចកម្ពុជា ហើយការអភិវឌ្ឍសហគ្រារតូច និងមធ្យម មានសារៈសំខាន់ណាស់ក្នុងការបង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់សមធម៌សង្គម ៕
ដោយ៖វណ្ណលុក
















