អ្នកជំនាញ៖ បទឈប់បាញ់កម្ពុជា និងថៃ ៣លើកដែលលោក ត្រាំ រំឭក ក្លាយជាសម្ពាធការទូតលើភាគីថៃ
នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច APEC លើកទី៣៣ នៅទីក្រុងសិនជិន ប្រទេសចិន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរំឭកជាលើកទី៣ នៅចំពោះមុខនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរៈគុល អំពីតួនាទីរបស់អាមេរិកក្នុងការជួយសម្របសម្រួលបទឈប់បាញ់ជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងថៃ កាលពីមួយឆ្នាំមុន ដែលបានជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋជាច្រើន។ លោកបានចាត់ទុកសមិទ្ធផលនេះជាមោទនភាពសម្រាប់ប្រទេសទាំងពីរ កម្ពុជា និងថៃ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់ទាំងវិបុលភាព ស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោកបណ្ឌិត គិន ភា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ បានគូសបញ្ជាក់ថា ការដែលប្រធានាធិបតីអាមេរិកលើកឡើងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ដល់ទៅ ៣ លើក បានបង្កើតជាសម្ពាធ និងឥទ្ធិពលការទូតដ៏សំខាន់ ដែលធ្វើឱ្យថៃពុំអាចបន្តព្រងើយកន្តើយចំពោះដំណោះស្រាយបញ្ហាព្រំដែនបានទៀតនោះទេ។
លោកបន្តថា ៖ «កាយវិការហ្នឹងដូចជាការគូសបញ្ជាក់ និងផ្ញើសារដោយត្រង់ជាក់ស្តែងទៅឱ្យប្រទេសថៃ ខ្ញុំជឿថាសហគមន៍អន្តរជាតិ និងអាមេរិក មិនមែនមិនដឹងថាថៃរំលោភបទឈប់បាញ់ អ៊ីចឹងសារប៉ុណ្ណឹងគឹគ្រប់គ្រាន់ល្មមថាថៃត្រឡប់ទៅរកការចរចា ការបន្តការងារខណ្ឌសីមាព្រំដែន បញ្ជូនក្រុមការងារវាស់វែងបច្ចេកទេសមកវាស់វែង។»
លោកបណ្ឌិត គិន ភា យល់ឃើញថា ការលើកឡើងរបស់លោកត្រំា នេះ ក៏បានបង្ហាញពីការមិនបោះបង់ចោលនូវកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការសម្របសម្រួលបទឈប់បាញ់ និងយកចិត្តទុកដាក់ចំពោះជនភៀសសឹកកម្ពុជាដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ។
ចំណែកលោកបណ្ឌិត ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ យល់ឃើញថា ការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ នៅតែមានសារៈសំខាន់ និងមិនអាចខ្វះបាន។ លោកយល់ឃើញថា លោក ដូណាល់ ត្រាំ នឹងមិនបណ្តោយឱ្យកិច្ចព្រមព្រៀងនេះបរាជ័យដោយងាយៗនោះទេ។ ផ្ទុយទៅវិញ អាមេរិកទំនងជានឹងបន្តដើរតួជាអ្នកឃ្លាំមើល និងជំរុញកិច្ចការទូត ដើម្បីរក្សាស្ថិរភាព និងសន្តិសុខនៅតាមព្រំដែន ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋភៀសសឹកអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ។
មកទល់ពេលនេះ ជនភៀសសឹកកម្ពុជាចំនួន ២ម៉ឺននាក់ នៅពុំទាន់អាចវិលត្រឡប់ទៅកាន់មូលដ្ឋានដើមវិញបានទេ ព្រោះភូមិឋានរបស់ពួកគេត្រូវបានកងទ័ពថៃបិទខ្ទប់ដោយទូកុងតឺន័រ រាយបន្លាលួស បង្កៃគ្រាប់យុទ្ធភណ្ឌ និងឈ្លានពានកាន់កាប់ដោយខុសច្បាប់ ថែមទាំងបានបំផ្លិចបំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋខ្មែរអស់ជាច្រើនខ្នងថែមទៀតផង។
ក្រសួងការបរទេសកម្ពុជា បានបន្តទាមទារឱ្យប្រទេសថៃវិលចូលតុចរចា ដើម្បីរៀបចំផែនការវាស់វែងព្រំដែនឡើងវិញ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខា ព្រមទាំងអំពាវនាវឱ្យភាគីថៃគោរពតាមគោលការណ៍ច្បាប់អន្តរជាតិ៕
សៅ សុខអេង
