សម្តេចធិបតី៖ការបិទព្រំដែនមិនធ្វើឱ្យកម្ពុជាស្លាប់ទេតែជាឱកាសមាសសម្រាប់ពង្រឹងខ្លួនឯងនិងជំរុញផលិតផលជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបិទព្រំដែនរបស់ភាគីថៃមិនបានធ្វើឱ្យកម្ពុជាស្លាប់នោះទេ ផ្ទុយទៅវិញវាបានក្លាយជាឱកាសមាសសម្រាប់កម្ពុជាពង្រឹងសមត្ថភាពខ្លួនឯង និងគុណភាពផលិតផលក្នុងស្រុក ហើយកម្ពុជាក៏មិនមានតម្រូវការបើកព្រំដែនជាមួយថៃឡើងវិញនោះដែរ។

ក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាមិនមានតម្រូវការបើកព្រំដែនជាមួយថៃនោះទេ ហើយការបិទ កន្លងមកបានជំរុញឱ្យសហគ្រាសក្នុងស្រុកកាន់តែរឹងមាំ និងផលិតផលកាន់តែមានគុណភាព។ សម្តេចនាយករដ្ឋមន្រ្តីលើកឡើងថា គេចង់ឱ្យសេដ្ឋកិច្ចកម្ពុជាស្លាប់ ប៉ុន្តែកម្ពុជាមិនស្លាប់ទេ។

សម្តេចធិបតីបានមានប្រសាសន៍ថា ពិព័រណ៍ផលិតផលខ្មែរនេះគឺជាវេទិកាផ្សារភ្ជាប់រវាងអ្នកផលិត អ្នកចែកចាយ និងអ្នកលក់រាយ ដើម្បីផ្លាស់ប្តូរពីការផ្សព្វផ្សាយផលិតផលទៅជាការបង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងការផ្គូផ្គងអាជីវកម្ម។

បើតាមប្រសាសន៍សម្តេចធិបតី ទីផ្សារកសិកម្មកម្ពុជាជាបន្តបន្ទាប់ដែលធ្លាប់ពឹងផ្អែកលើប្រទេសថៃ ឥឡូវនេះបានបើកទីផ្សារទៅកាន់ប្រទេសចិន និងប្រទេសផ្សេងៗទៀតលើពិភពលោក ខណៈផ្លូវដឹកជញ្ជូនក៏ត្រូវបានបើកកាន់តែច្រើន។ ទន្ទឹមនឹងការបើកទីផ្សារក្រៅប្រទេស កម្ពុជាក៏បានពង្រឹងការផលិតក្នុងស្រុកដើម្បីធានាការផ្គត់ផ្គង់ដោយខ្លួនឯងកាន់តែប្រសើរផងដែរ។

ក្នុងឱកាសនោះ សម្តេចធិបតីក៏បានណែនាំដល់ក្រសួងសេដ្ឋកិច្ចពិនិត្យការអនុញ្ញាតបើកសហគ្រាសធុនតូច និងមធ្យម ដោយផលិតផលទាំងឡាយណាដែលពលរដ្ឋខ្មែរអាចផលិតបាន គួរផ្តល់ឱកាសឱ្យតែជនជាតិខ្មែរប៉ុណ្ណោះ។ សម្តេចបានជំរុញឱ្យមានការរួមគ្នាជាធ្លុងមួយរវាងរដ្ឋាភិបាល ផ្នែកឯកជន និងប្រជាជន ដើម្បីលើកកម្ពស់ផលិតផលជាតិ ដោយស្នើឱ្យប្រជាពលរដ្ឋទិញផលិតផលជាតិដោយសារការគាំទ្រ មិនមែនដោយសារតែ ពហិការផលិតផលថៃនោះទេ។

បើតាមសម្តេចនាយករដ្ឋមន្រ្តី បច្ចុប្បន្ន ផលិតផលជាតិបានជំនួសផលិតផលនាំចូលប្រមាណ ២០ភាគរយហើយ និងរំពឹងថា នឹងអាចជំនួសបានដល់ ៨០ភាគរយ នៅរយៈពេល ១០ឆ្នាំខាងមុខ។

លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ឱ្យដឹងថា ពិព័រណ៍ផលិតផលខ្មែរលើកទី៤ មានការដាក់តាំងបង្ហាញជាង ៣០០ស្តង់ និងផលិតផលជាង ១ ០០០មុខ ពីបណ្តា SME និងសិប្បកម្មទូទាំង ២៥រាជធានី-ខេត្ត៕

ទួន សុផល

ads banner