អង្គការសម្អាតទន្លេ សមុទ្រ អំពាវនាវឱ្យបញ្ឈប់ការបណ្តែតប្រទីបស្នោ និងប្លាស្ទិក ដោយងាកមកប្រើវត្ថុធាតុដើមធម្មជាតិ ដើម្បីការពារបរិស្ថានទឹក

ភ្នំពេញ៖ការបណ្តែតប្រទីបក្នុងឱកាសបុណ្យអុំទូក គឺជាទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ ដើម្បីបង្ហាញពីការដឹងគុណចំពោះព្រះគង្គា ប៉ុន្តែ ទន្ទឹម​នឹងសម្រស់ដ៏ស្រស់ត្រកាលនេះ ប្រទីបដែលផលិតពីស្នោ និងប្លាស្ទិករាប់ពាន់គ្រឿង កំពុងក្លាយជាក្តីបារម្ភយ៉ាងខ្លាំងចំពោះបរិស្ថាន ទឹក។ ក្រោយបញ្ចប់ពិធីបុណ្យអុំទូកភ្លាម អង្គការសម្អាតទន្លេ សមុទ្រ បានប្រមូលសំណល់ប្រទីបស្នោ និងប្លាស្ទិកជាច្រើនចេញពីដងទន្លេ ។ឃើញ​ទំហំនៃការប្រើប្រាស់វត្ថុទាំងនេះ អង្គការបានអំពាវនាវឱ្យពលរដ្ឋងាកមកប្រើប្រាស់ប្រទីបធ្វើពីស្រទបចេក និងផ្កាធម្មជាតិជំនួសវិញ។

ត្រឹមតែរយៈពេលពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានបញ្ចប់ទៅ ក្រុមការងារនៃ​អង្គការ​សម្អាតទន្លេ សមុទ្រ (River Ocean Cleanup) បានចុះប្រមូលសំណល់ប្រទីបជាច្រើន ដែលអណ្តែតកកកុញតាមដងទន្លេជា​ពិសេសនៅ​តំបន់មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តជាប់ដងទន្លេ រួមមាន ខេត្តកណ្តាល សៀមរាប កំពង់ចាម ក្រចេះ និងខេត្តត្បូងឃ្មុំ។

លោក នូ សុវណ្ណ នាយកប្រតិបត្តិនៃអង្គការសម្អាតទន្លេ សមុទ្រ បានប្រាប់បណ្ដាញព័ត៌មានAMSនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ប្រទីបដែលគេបណ្តែតក្នុងទឹកទន្លេ និងបឹងនាពេលបច្ចុប្បន្ន ភាគច្រើនត្រូវបានកែច្នៃចេញពីស្នោ និងប្លាស្ទិក ដែលមិនងាយរលួយ ហើយវា​កំពុង​ជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់គុណភាពទឹក បំពុលបរិស្ថាន និងបង្កគ្រោះថ្នាក់ដល់មច្ឆជាតិ។លោកពុំបានបញ្ជាក់អំពីចំនួនទម្ងន់
សំរាមដែលអង្គការប្រមូលបាននោះទេ តែលោកប្រាប់ថា មានចំនួនដ៏ច្រើនគួរឱ្យបារម្ភ។

លោកបានរំឭកថា កាលពីសម័យដើម ដូនតាខ្មែរប្រើប្រាស់តែស្រទបចេក ស្លឹកចេក និងផ្កាធម្មជាតិ ដើម្បីធ្វើជាប្រទីប ដែលវាមិនត្រឹមតែ​ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងងាយរលួយ និងមិនបង្កការបំពុលដល់ប្រភពទឹកឡើយ។

ទោះជាយ៉ាងណា អង្គការសម្អាតទន្លេ សមុទ្រ បានសង្កត់ធ្ងន់ថា ការគោរពជំនឿប្រពៃណី គឺជារឿងដែលត្រូវលើកទឹកចិត្ត ប៉ុន្តែការការពារ​បរិស្ថានទន្លេ ក៏ជាកាតព្វកិច្ចរួមគ្នាដែរ ព្រោះទន្លេមេគង្គ គឺជាប្រភពទឹក ជាប្រភពស្បៀងអាហារ និងជាជម្រកជីវចម្រុះដ៏សំខាន់សម្រាប់​មនុស្ស និងសត្វ។

អង្គការនេះ អំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមកាត់បន្ថយការផលិត និងការប្រើប្រាស់ប្រទីបស្នោ ឬប្លាស្ទិក ហើយងាកមកប្រើវត្ថុធាតុដើមធម្មជាតិជំនួសវិញ ដើម្បីឱ្យផ្ទៃទឹកទន្លេរបស់យើងរក្សាបាននូវភាពស្អាតបរិសុទ្ធ និងស្រស់បំព្រងជានិច្ច។
ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner