លោក ត្រាំ ​ស្នើលោក ពូទីន ដកថយនូវការឈ្លានពានផ្នែកយោធាទូទាំងអឺរ៉ុប

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានស្នើឱ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin «ដកថយ» នូវការឈ្លានពានផ្នែកយោធានៅទូទាំងទ្វីបអឺរ៉ុប។

លោក Trump បានសរសេរ នៅក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social ថា «ក្នុងអំឡុងពេលសន្ទនារបស់ខ្ញុំនៅប្រទេសចិន ជាមួយលោកប្រធានាធិបតី Vladimir Putin នៃប្រទេសរុស្ស៊ី ខ្ញុំបានចំណាយពេលយ៉ាងច្រើនដើម្បីនិយាយអំពីការពិតដែលថា ខ្ញុំចង់ឃើញលោកប្រធានាធិបតី Putin ដកថយរាល់ការឈ្លានពានផ្នែកយោធាទាំងអស់ប្រឆាំងនឹងដែនដីនានានៅទូទាំងទ្វីបអឺរ៉ុប ដោយសង្ឃឹមថា កិច្ចព្រមព្រៀងមួយអាចត្រូវបានធ្វើឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយធ្វើឡើងឱ្យបានឆាប់រហ័ស»។

លោក Trump បាននិយាយទៀតថា «ខ្ញុំពិតជាជឿថា នេះគឺជាលទ្ធភាពដ៏រឹងមាំមួយ — មនុស្សរាប់ពាន់នាក់កំពុងត្រូវបានសម្លាប់ជារៀងរាល់ខែ វាគឺជាការបង្ហូរឈាមដ៏ធំធេង»។

យ៉ាងណាមិញ លោក Trump មិនបានបញ្ជាក់លម្អិតអំពីសកម្មភាពអ្វីដែលលោកកំពុងស្នើឱ្យលោក Putin បញ្ឈប់នោះទេ។

បើតាម straitstimes, ការអះអាងរបស់លោក ត្រាំ បានធ្វើឡើង បន្ទាប់ពីប្រទេសប៉ូឡូញ ដែលជាសមាជិកអង្គការណាតូ ក្នុងសប្តាហ៍នេះ បានចោទប្រកាន់រុស្ស៊ីពីការរំលោភដែនអាកាសប៉ូឡូញដោយចេតនា។

ចំណែកប្រទេសអេស្តូនី ថ្មីៗនេះ ក៏បានភ្ជាប់ការវាយប្រហារដោយការដុតបំផ្លាញមួយករណី ទៅនឹងសេវាស៊ើបការណ៍សម្ងាត់យោធារបស់រុស្ស៊ីផងដែរ៕

ប្រភព ៖ straitstimes ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner