អូស្រ្តាលី ប្រឈមនឹងហានិភ័យភ្លើងឆេះព្រៃកាន់តែខ្ពស់ក្នុងរដូវក្តៅខាងមុខ
កង់បេរ៉ា ៖ អាជ្ញាធរអូស្ត្រាលីបានព្រមាននៅថ្ងៃ សុក្រ នេះថា តំបន់ធំៗនៅក្នុងប្រទេសអូស្ត្រាលីកំពុងប្រឈមនឹងហានិភ័យភ្លើងឆេះព្រៃកាន់តែខ្ពស់ ក្នុងអំឡុងរដូវក្តៅដែលខិតជិតមកដល់។
យោងតាមការព្យាករណ៍ស្តីពីហានិភ័យភ្លើងឆេះព្រៃក្នុងរដូវក្តៅថ្នាក់ជាតិ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ដោយក្រុមប្រឹក្សាជាតិនូវែលសេឡង់ និងអូស្ត្រាលីទទួលបន្ទុកសេវាសង្គ្រោះ និងពន្លត់អគ្គិភ័យ បានបង្ហាញថា រដ្ឋ និងដែនដីចំនួន ៦ ក្នុងចំណោមរដ្ឋ និងដែនដីសរុប ៨ របស់អូស្ត្រាលី ទំនងជាប្រឈមនឹងហានិភ័យភ្លើងឆេះព្រៃខ្ពស់ជាងធម្មតា។
របាយការណ៍បញ្ជាក់ថា កត្តាសំខាន់ៗដែលជំរុញឱ្យហានិភ័យកើនឡើង រួមមាន សំណើមក្នុងដីមានកម្រិតទាបជាបន្តបន្ទាប់ បរិមាណសម្ភារៈងាយឆេះនៅក្នុងព្រៃមានច្រើន និងការព្យាករណ៍អំពីអាកាសធាតុស្ងួត។
ជាមួយគ្នានេះ បរិមាណទឹកភ្លៀងក្នុងរដូវក្តៅ ត្រូវបានរំពឹងថា នឹងទាបជាងមធ្យមភាគនៅតំបន់ភាគខាងជើង និងភាគអាគ្នេយ៍នៃប្រទេស។
បើតាមការព្យាករណ៍, តំបន់ភាគច្រើននៃរដ្ឋ Victoria ភាគអាគ្នេយ៍ ព្រមទាំងតំបន់មួយចំនួនតូចនៅក្នុងរដ្ឋ New South Wales, South Australia, Western Australia រដ្ឋ Tasmania និងដែនដី Northern Territory អាចប្រឈមនឹងហានិភ័យភ្លើងឆេះព្រៃកើនឡើង។
ដោយឡែក ការព្យាករណ៍ឧតុនិយមរយៈពេលវែងសម្រាប់រដូវក្តៅរបស់អូស្ត្រាលី ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដោយការិយាល័យឧតុនិយមអូស្ត្រាលី បានបង្ហាញថា រដូវក្តៅឆ្នាំនេះ ទំនងជាមានសីតុណ្ហភាពក្តៅជាងធម្មតានៅទូទាំងប្រទេស។
ការព្យាករណ៍នេះ ត្រូវបានផ្សារភ្ជាប់នឹងបាតុភូតអាកាសធាតុ El Niño និងបាតុភូតវិជ្ជមាននៃមហាសមុទ្រឥណ្ឌា ដែលជាកត្តាអាកាសធាតុពីរ ដែលជាទូទៅអាចជំរុញឱ្យរដូវក្តៅនៅអូស្ត្រាលីមានសីតុណ្ហភាពកាន់តែក្តៅខ្លាំង៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
