រដ្ឋាភិបាលជប៉ុនបានប្រកាសឈ្មោះសករាជថ្មី សម្រាប់ប្រើសម្គាល់រជ្ជកាលរបស់អធិរាជថ្មី
ជប៉ុន៖ រដ្ឋាភិបាលជប៉ុននៅថ្ងៃច័ន្ទនេះ បានប្រកាសពីសករាជថ្មីមានឈ្មោះថា «រ៉េវ៉ា» ដែល រ៉េ មានន័យថា សណ្ដាប់ធ្នាប់ ឬក៏នក្ខត្តឫក្ស រីឯ វ៉ា អាចបកប្រែទៅជាសន្តិភាព ឬសុខដុម។ លេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា ជាអ្នកប្រកាសឈ្មោះសករាជថ្មីនេះ បន្ទាប់ពីអ្នកជំនាញជ្រើសរើសរួចមក។
ការប្រកាសឈ្មោះសករាជថ្មីជាមុននេះ មានគោលដៅទុកឱកាសឲ្យស្ថាប័នរដ្ឋ និងឯកជនទាំងអស់ មានពេលគ្រប់គ្រាន់ដើម្បីការផ្លាស់ប្ដូរនេះ ពិសេសការរៀបចំប្រក្រតីទិនថ្មីផងដែរ ខណៈព្រះចៅអធិរាជ អាគី ហ៊ីតុ នឹងដាក់រាជ្យជាផ្លូវការនៅថ្ងៃទី៣០ ខែមេសាខាងមុខ ហើយមួយថ្ងៃបន្ទាប់ គឺថ្ងៃទី០១ ខែឧសភា រជ្ជទាយាទណារ៉ូ ហ៊ីតុ នឹងឡើងគ្រងរាជ្យជាអធិរាជជប៉ុនជាផ្លូវការ។
សូមបញ្ជាក់ថា ការប្រកាសឈ្មោះសករាជថ្មីនេះ ជារឿងដែលប្រជាជនជប៉ុនរង់ចាំយ៉ាងខ្លាំង ដោយសារសករាជថ្មីត្រូវជំនួសសករាជចាស់ ហេសេ (Heisei) របស់ព្រះចៅអធិរាជ អាគី ហ៊ីតុ ដែលមានន័យថា សន្តិភាពគ្រប់ទីកន្លែង។ ម្យ៉ាងទៀត ទោះជាប្រក្រតីទិនបែបលោកខាងលិចត្រូវបានប្រើប្រាស់យ៉ាងទូលាយក្ដី នៅជប៉ុនគេនៅតែឃើញមានការប្រើប្រាស់ប្រក្រតីទិនបែបចិនដដែល មិនថានៅលើឯកសាររបស់រដ្ឋ ក្រុមហ៊ុនឯកជន ឬកំណត់ត្រាកុំព្យូទ័រឡើយ៕ម.ន



