ម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា ១:០ បឹងកេត សប្តាហ៍ទី២ លីគកំពូលកម្ពុជា រដូវកាល២០១៩

អត្ថបទដោយ៖
ហេង វណ្ណា

ក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជា រកបាន៣ពិន្ទុ ពីក្រុមខ្លាំងបឹងកេត ដោយលទ្ធផល១:០ នៅក្នុងការប្រកួតសន្សំពិន្ទុសប្តាហ៍ទី២ កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជារដូវកាល២០១៩។ ១គ្រាប់ជ័យជម្នះរបស់អគ្គិសនីកម្ពុជា ធ្វើសម្រេចដោយកីឡាករ សៀន សុភក្ត្រា នៅនាទី៨៩ ដែលធ្វើឲ្យក្រុមម្ចាស់ផ្ទះមួយនេះ ស្វែងរកបាន៣ពិន្ទុដំបូងរបស់ខ្លួន ពីក្រុមខ្លាំង បឹងកេត បាត់បង់សមាជិកម្នាក់នៅនាទី៧៥ គឺកីឡាករ ប៊ិន ឧត្តម ក្រោយទទួលពិន័យកាតក្រហមពីអាជ្ញាកណ្តាល។

ថ្លែប្រាប់ក្នុងពេលហ្វឹកហាត់៣ថ្ងៃមុនពេលប្រកួតនេះ លោក ប្រាក់ វុទ្ធី គ្រូបង្គោលក្លិបបាល់ទាត់អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ប្រសិនបើបានស្មើជាមួយបឹងកេត គឺជាការល្អហើយ ពីព្រោះ ដោយសារក្រុមនេះ មានកីឡាករខ្លាំងៗ ជាពិសេសកីឡាករបរទេសតែម្តង ដែលធ្វើឲ្យក្រុមរបស់លោកពិបាកក្នុងការ ស្វែងរកជ័យជម្នះ។ ប៉ុន្តែនៅក្នុងជំនួបសប្តាហ៍ទី២នេះ កូនក្រុមរបស់លោកធ្វើបានយ៉ាងល្អ ដោយទទួលបាន៣ពិន្ទុពីក្រុមខ្លាំងនឹលស្មានមិនដល់ទៅវិញ។

ដោយឡែកលទ្ធផល៦ប្រកួតផ្សេងទៀត ពីគណៈកម្មការបាល់ទាត់ជាតិកម្ពុជា ហៅកាត់ថា CNCC របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមម្ចាស់ផ្ទះចំណូលថ្មី ខេត្តកំពង់ចាម ០:១១ អង្គរថាយហ្គឺរ ក្រុម យុវជនបាទីU18 ០:២ ភ្នំពេញក្រោន , ក្រុម សូលទីឡូអង្គរ ០:១ ក្រុម ព្រះខ័នរាជស្វាយរៀង។ សម្រាប់៣ប្រកួតកាលពីល្ងាចថ្ងៃសៅរ៍ គឺក្រុម អគ្គស្នងការដ្ឋាននគរបាលជាតិ ៣:២ ក្រុមអាស៊ីអឺរ៉ុប ដោយលទ្ធផល ស្របពេលដែល វិសាខា យកឈ្នះក្រុមចំណូលថ្មី ៣:២ គីរីវង់សុខសែនជ័យ ហើយក្រុមការពារម្ចាស់ដំណែងជើងឯករដូវកាល ២០១៨ ណាហ្គាវើល ២:៣ ក្រុមក្រសួងការពារជាតិ៕ម.ន

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner