តំណាងក្រុមហ៊ុនជាតិ-អន្តរជាតិ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក និងអាជីវករលក់សាច់ជ្រូកប្រមាណ៥០០នាក់ ចូលរួមសិក្ខាសាលាស្តីពី “វិធានការការពារ និងទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅកម្ពុជា”

អត្ថបទដោយ៖
Kien Sereyvuth

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីព្រឹកទី២៦ ខែមីនា ឆ្នាំ២០១៩ មានរៀបចំ សិក្ខាសាលាស្តីពី  “វិធានការការពារ និងទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅកម្ពុជា” ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និងអង្គភាពពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ តំណាងក្រុមហ៊ុនជាតិ-អន្តរជាតិ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក្រុមហ៊ុន ផលិតចំណីសត្វ អាជីវករពិឃាតសត្វ ម្ចាស់សត្តឃាតដ្ឋាន ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក ក្រុមហ៊ុននាំជ្រូកចូល និងអាជីវករលក់សាច់ជ្រូកប្រមាណ៥០០នាក់ចូលរួម។

ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានជម្រាបអង្គពិធីថា ក្នុងឆ្នាំ២០១៨ ការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារមានប្រមាណជា១,៩លានក្បាល និងជាលក្ខណៈឧស្សហកម្មប្រមាណជា០,៨លានក្បាល និងមានកសិដ្ឋានគ្រប់កម្រិតជាង ៦៧០កសិដ្ឋាននៅទូទាំងប្រទេស។ បច្ចុប្បន្ន ការកែប្រែទម្លាប់ពីការចិញ្ចឹមជាលក្ខណៈគ្រួសារមកជាលក្ខណៈឧស្សាហកម្មបាននិងកំពុងរីកដុះដាលយ៉ាងលឿនក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយ ស្របពេលដែលសេដ្ឋកិច្ចជាតិមានការរីកចម្រើន កំណើនប្រជាជន និងកំណើនភ្ញៀវទេសចរណ៍ សេចក្តីត្រូវការសាច់ ដែលតម្រូវឲ្យអ្នកចិញ្ចឹមជ្រូកយកចិត្តទុកដាក់គិតគូប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យ សមស្របដើម្បី ផលិតសាច់មានអនាម័យ និងគុណភាពឆ្លើយតបតាមតម្រូវការទីផ្សារ លើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម និងជាពិសេសធានាសុខុមាលភាពសាធារណៈ។

ពាក់ព័ន្ធនឹងប្រធានបទខាងលើ ឯកឧត្តមរដ្ឋមន្រ្តីបានសង្ខេបជម្រាបជូនអង្គពិធីពីប្រវត្តិនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកថា ជំងឺនេះបានផ្ទុះឡើងលើកដំបូងនៅឆ្នាំ១៩០៧ នៅប្រទេសកេនញ៉ា ហើយវាបានផ្ទុះឡើងជាបន្តបន្ទាប់ទៅតាមបណ្តាប្រទេសក្នុងទ្វីបអាហ្រ្វិក និងចុងក្រោយក្នុងឆ្នាំ២០១៨ ជំងឺនេះបានផ្ទុះឡើងនៅ បណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប រួចបន្តរាលឆ្លងចូលក្នុងប្រទេសចិន ហើយបច្ចុប្បន្នបាននិងកំពុងបន្តរាលដាលតាមបណ្តាខេត្តមួយចំនួននៅប៉ែកខាងជើង និងកណ្តាលនៃប្រទេសវៀតណាម។

ជំងឺនេះបានបង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មជ្រូក និងបានធ្វើឲ្យសេដ្ឋកិច្ចជាតិមានការខាតបង់យ៉ាងច្រើន។ ការរីករាលដាលយ៉ាងស្រួចស្រាវនៃជំងឺដ៏កាចសាហាវនេះនៅប្រទេសវៀតណាម ប្រាកដជានឹងបង្កឲ្យមានការព្រួយបារម្ភដល់អ្នកចិញ្ចឹមជ្រូកនៅកម្ពុជាគ្រប់កម្រិត រួមទាំងអាជីវករ ម្ចាស់សត្តឃាតដ្ឋាន ក្រុមហ៊ុនផលិតចំណីជ្រូក ដេប៉ូលក់ចំណីជ្រូក និងជាពិសេសអ្នកបរិភោគសាច់ជ្រូក។ល។

ក្តីបារម្ភរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនបានព្រងើយកន្តើយ ហើយជានិច្ចកាលតែងតែយកចិត្តទុកដាក់ក្នុងការជួយការពារផលប្រយោជន៍របស់កសិករ ជាក់ស្តែងក្រសួងបានណែនាំឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដោយត្រូវសហការជាមួយអន្តរស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិពិសេសខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាម សមាគមអ្នកចិញ្ចឹមជ្រូក ផលិតករ អាជីវករ ដោយត្រូវរួមគ្នាអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវខ្លឹមសារនៃសារាចរណែនាំលេខ១១៩ សរណន.កសក ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៩ ស្តីពីវិធានការបន្ទាន់ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះជាបន្ទាន់។

ទន្ទឹមនឹងនេះ ត្រូវពង្រឹងការធ្វើជីវសុវត្ថិភាពក្នុងកសិដ្ឋាន កន្លែងចិញ្ចឹមសត្វ កន្លែងប្រមូលផ្តុំសត្វ សត្តឃាតដ្ឋានឲ្យបានលល្អប្រសើរ និងរាយការណ៍អំពីស្ថានភាពខុសប្រក្រតីនៃជំងឺសត្វ និងសាច់សត្វឲ្យបានឆាប់រហ័សបំផុតដល់សមត្ថកិច្ចពាក់ព័ន្ធ។ ជាមួយនេះ គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ត្រូវសហការជាមួយក្រុមហ៊ុន ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិទាំងអស់ រួមទាំងអង្គការសុខភាពសត្វពិភពលោក (OIE) អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) ដើម្បីស្វះស្វែងរកប្រភពថវិកាក្នុងការរៀបចំទប់ស្កាត់ជំងឺទាំងនេះនៅមុនពេលផ្ទុះ ពេលផ្ទុះ និងក្រោយផ្ទុះជំងឺ   ក្នុងស្មារតីទទួលខុសត្រូវ។ ទន្ទឹងនឹងនេះ ត្រូវជៀសវាងការផ្សព្វផ្សាយខុសពីការពិតអំពីជំងឺនេះដែលនាំឲ្យប៉ះពាល់ដល់អ្នកចិញ្ចឹម សុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិយើង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner