សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០១៩ នៅព្រឹកនេះ
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៦រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី១៣ ឆ្នាំ២០១៩។ សន្និសីទនេះនឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អ្នកជំនាញការក្នុងស្រុក និងក្នុងតំបន់ អ្នកសិក្សាស្រាវជ្រាវ មន្ត្រីរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍អន្តរជាតិ វិស័យឯកជន និងសង្គមស៊ីវិលប្រមាណ ៣៥០នាក់។
សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាប្រចាំឆ្នាំលើកទី១៣ ធ្វើឡើងក្រោមប្រធានបទស្តីពី «ការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០» ដែលជាកិច្ចសហការជាដៃគូរវាងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និង ក្រុមហ៊ុន ជីហ្គៀ (G Gear)។ សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា នឹងធ្វើឡើងនៅសណ្ឋាគារ ហ្គ្រេតឌ្យូកភ្នំពេញ (អតីតសណ្ឋាគារ អាំងទែកុងទីណង់តាល់)។
សន្និសីទចក្ខុវិស័យឆ្នាំនេះ មានប្រធានបទជាប់ទាក់ទងទៅនឹងស្ថានការណ៍បច្ចុប្បន្ន។ ស្របគ្នានឹងការរីកចម្រើននៃឧស្សាហកម្ម៤.០ ការប្រែក្លាយផ្នែកឌីជីថលអាចជាក្បាលម៉ាស៊ីនជំរុញកំណើនថ្មីមួយដែលកម្ពុជាត្រូវការ ដើម្បីសម្រេចចក្ខុវិស័យរយៈពេលវែងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សន្និសីទនេះមានប្រធានបទតូចៗជាច្រើន សំដៅបំផុសឲ្យមានការផ្លាស់ប្តូរមតិត្រង់ទៅត្រង់មកពីវិធីចាប់យកឱកាសល្អៗនៃការប្រែក្លាយផ្នែកឌីជីថល ដើម្បីជួយគាំទ្រដល់កំណើនរយៈពេលវែង និងមាគ៌ាអភិវឌ្ឍន៍ និងការផ្តល់គំនិតពីការកសាងគ្រឹះដ៏រឹងមាំមួយសម្រាប់យុទ្ធសាស្ត្រផ្នែកឌីជីថលនៅកម្ពុជា៕