អឺរ៉ុបផ្អាកការហោះហើរយន្តហោះអាម៉េរិក Boeing 737 MAX ក្រោយធ្លាក់២លើក ត្រឹម៥ខែ
ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍ស៊ីវិលសហភាពអឺរ៉ុប បានប្រកាសផ្អាករាល់ប្រតិបត្តិការហោះហើររបស់យន្ដហោះ Boeing 737 MAX ហើយបន្ទាប់ពីសោកនាដកម្មធ្លាក់យន្ដហោះនៅអេត្យូពី នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន BBC ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។

ការសម្រេចចិត្តខាងលើធ្វើឡើង ក្រោយយន្ដហោះ Boeing 737 MAX 8 នៃក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines បានធ្លាក់ ជាលើកទី២ក្នុងរយៈពេលតែជាង៥ខែប៉ុណ្ណោះ។ យន្ដហោះប្រភេទនេះ ដែលប្រតិបត្តិការ ដោយក្រុមហ៊ុនអាកាសចរណ៍ Lion Air ធ្លាក់នៅក្នុងសមុទ្រ ប្រទេសឥណ្ឌូណេស៊ីផ្ដាច់ជីវិតមនុស្ស១៨៩នាក់កាលពីខែតុលា ឆ្នាំ២០១៨។ ថ្មីៗនេះ យន្ដហោះ Boeing 737 MAX 8 មានលេខជើងហោះហើរ៣០២ របស់ Ethiopian Airlines បានធ្លាក់ក្រោយហោះឡើងបានបន្តិចចេញពីរដ្ឋធានី Addis Ababa ប្រទេសអេត្យូពី ឆ្ពោះទៅកាន់រដ្ឋធានី Nairobi ប្រទេសកេនយ៉ា ដោយសម្លាប់មនុស្សនៅលើនោះទាំងអស់១៥៧នាក់។

សូមបញ្ជាក់ថា ក្រៅពីអឺរ៉ុប ក៏មានឥណ្ឌា សិង្ហបុរី អូស្ត្រាលី ម៉ាឡេស៊ី ចិន អូម៉ង់ ឥណ្ឌូណេស៊ី អេត្យូពី ម៉ារ៉ុក ម៉ង់ហ្គាលី សុទ្ធតែប្រកាសផ្អាករាល់ប្រតិបត្តិការយន្ដហោះត្រកូល Boeing 737 MAX ខណៈសហរដ្ឋអាម៉េរិក និងកាណាដា នៅតែប្រតិបត្តិការយន្ដហោះប្រភេទនេះនៅឡើយ ហើយមកទល់នឹងពេលនេះ មូលហេតុធ្លាក់ យន្ដហោះពិតប្រាកដនៅអេត្យូពី ក៏មិនទាន់ត្រូវបានបញ្ជាក់ដែរ៕ធ.ដ
