សត្វក្អែកទឹករាប់ម៉ឺនក្បាលក្នុងតំបន់រាមសារ កំពុងទទួលបានការការពារ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្ទឹងត្រែង៖ ក្នុងអំឡុងដើមឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង កំពុងមានការភ្ញាក់ផ្អើលចំពោះវត្តមានសត្វក្អែកទឹករាប់ម៉ឺនក្បាល បានធ្វើដំណើរមកកាន់តំបន់រាមសារ ដោយបានយកទីតាំងព្រៃលិចទឹកក្នុងតំនប់នេះ ធ្វើជាទីជម្រកស្នាក់អាស្រ័យយ៉ាងសុខសាន្ត។ ដោយមើលឃើញពីសារប្រយោជន៍ចំពោះវិស្ស័យទេសចរណ៍ ដែលបានមកពីសត្វស្លាបទាំងនេះ អាជ្ញាធរខេត្ត រួមជាមួយមន្ទីរជំនាញ ដែលពាក់ព័ន្ធ និងប្រជាសហគមន៍ក្នុងតំបន់រាមសារ កំពុងសហការគ្នាដាក់ចេញយន្តការមួយចំនួនដើម្បីថែរក្សា និងការពារសត្វស្លាបទាំងនេះមិនឲ្យបាត់បង់។

លោក ឈួន ឆន អនុប្រធានការិយាល័យបរិស្ថានតំបន់រាមសារ នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅក្នុងតំបន់រាមសារសំបូរទៅធនធានធម្មជាតិសំបូរបែប មានព្រៃលិចទឹក មានត្រី១៣០ប្រភេទ និងសត្វស្លាប៩៧ប្រភេទ ហើយសត្វស្លាបដែលមានចំនួនច្រើនជាងគេគឺសត្វក្អែកទឹក។ លោកថា ហ្វូកពពួកសត្វក្អែកទឹក បានជ្រើសរើសកោះចំនួនបីនៅតាមតំបន់ដងទន្លេមេគង្គលើ ដែលសំបូរទៅដោយព្រៃលិចទឹកជាទីជម្រក គឺកោះឡន កោះទន្សាយ និងកោះឈើទាលធំ ដោយកោះទាំងបី ស្ថិតក្នុងឃុំព្រះរំកិល ចន្លោះគ្នាទៅនិងទឹកដីឃុំអូរស្វាយក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោក បានបញ្ជាក់ថា មន្ត្រីនៅក្នុងស្នាក់ការតំបន់នេះ តែងតែបានចុះដើរល្បាតជាប្រចាំក្នុងការថែរក្សាធនធានជីវចម្រុះក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ជាពិសេសស្នាក់ការរបស់លោកក្រោមការដឹកនាំរបស់មន្ទីរបរិស្ថាន ដែលកំពុងគ្រោងរៀបចំបង្កើតតំបន់ហាមឃាត់មួយ ដែលមានសត្វស្លាបរស់នៅច្រើន មិនឲ្យមានអ្នកចូលទៅរំខាន ដើម្បីការពារកុំឲ្យមានការបរបាញ់ និងបង្កជាសំឡេងរំខានណាមួយទៅដល់សត្វស្លាប ព្រោះបើមានសំឡេងរំខានសត្វស្លាបទាំងនោះ វាអាចធ្វើការបំលាស់ទីទៅកាន់កន្លែងផ្សេង។

លោក សេក ម៉ៅ មេឃុំអូរស្វាយ បានសាទរចំពោះយន្តការខាងលើ ព្រោះអាជ្ញាធរឃុំក៏មានគំនិត      ថែរក្សាវាដែរ តែបានត្រឹមតែប្រកាសណែនាំដល់ប្រជាពលរដ្ឋមិនឱ្យសម្លាប់វា និងទៅនេសាទនៅតំបន់នោះ តែមិនទាន់មានប្រសិទ្ធភាពទេ។ លោកថា ប្រសិនបើផ្នែកបរិស្ថានរៀបចំកំណត់ព្រំប្រទល់ហាមឃាត់ទុក អភិរក្សនោះ អាជ្ញាធរនឹងបង្កើនការចូលរួមឲ្យមានប្រសិទ្ធភាព។

លោក យេន មី ប្រធានសហគមន៍បុរីអូរស្វាយ បានសម្តែងការសាទរចំពោះគំនិតដ៏ល្អនេះ ហើយសហគមន៍នឹងជួយផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយើងជួយបង្កើនការថែរក្សា ព្រោះវាមានប្រយោជន៍សម្រាប់បម្រើវិស័យទេសចណ៍។ លោកថា ការអភិរក្សសត្វស្លាបនេះ ប្រមុខរាជរដ្ឋាភិបានក៏បានចេញអនុក្រឹត្យឲ្យរួមគ្នាថែរក្សាទុកជាសម្បត្តិជាតិរបស់យើងទាំងអស់គ្នាផងដែរ។

សូមបញ្ជាក់ថា សត្វក្អែកទឹកនេះ ជាច្រើនឆ្នាំកន្លងមក វារស់នៅតំបន់ភូមិសាស្ត្រទឹកដីស្រុកសំបូរខេត្តក្រចេះ លុះមកដល់ឆ្នាំ២០១៧ និង២០១៨ វាបានធ្វើការបំលាស់ទីចេញពីខេត្តក្រចេះខ្លះៗ ហើយនៅឆ្នាំ២០១៩នេះ វាបានមករស់នៅទឹកដីខេត្តស្ទឹងត្រែងតែម្តង៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner