បើករថយន្តបួងចង្កូតត្រឡប់ក្រោយលឿនជ្រុលបុករ៉ឺម៉កម៉ូតពីក្រោយ របួសធ្ងន់ស្រាល៧នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាកសឺដេស បត់ត្រឡប់ក្រោយយ៉ាងលឿនបួងចង្កូតមិនទាន់ ជ្រុលបុករ៉ឺម៉កម៉ូតូពីក្រោយបណ្ដាលឲ្យរបួសធ្ងន់៣នាក់ និងស្រាល៤នាក់ ហើយផ្លោងឡើងសួន និងព្យាយាមបើករត់ ប៉ុន្តែត្រូវពលរដ្ឋដេញឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១និង៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅសួនក្ដាន់ពីរ ផ្លូវ១៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ រថយន្តបង្ក ម៉ាកសឺដេស ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ2E-2719 បើកបរដោយបុរសម្នាក់ និងមិត្តភក្ត្រប្រុសស្រីសរុប៣នាក់ បានបើកបរតាមបណ្ដោយផ្លូវ១៦៩ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន មកដល់ចំណុចក្ដាន់ពីរក៏បត់ត្រឡប់ក្រោយ ដោយបួងចង្កូតមិនទាន់ជ្រុលបុករ៉ឺម៉កម៉ូតូពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកជិះលើរ៉ឺម៉កម៉ូតូ៧នាក់ រងរបួសធ្ងន់៣នាក់ និងស្រាល៤នាក់  ចំណែករថយន្តបង្កមិនឈប់នៅដោះស្រាយទេ បែរជាបន្ថែមល្បឿនបុកដើមត្របែកព្រៃ ហើយឡើងកាត់សួន មុខបន្ទប់ទឹកក្បែរក្ដាន់ពីរ ព្យាយាមបើករត់រហូតដល់មុខអត្តីតPARIS ផ្លូវកម្ពុជាក្រោម ទើបប្រជាពលរដ្ឋចាប់បានទាំងរថយន្ត និងតៃកុងប្រគល់ឲ្យសមត្ថកិច្ច។

ក្រោយពេលកើតហេតុភ្លាមៗ ជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានបញ្ចូនទៅមន្ទីពេទ្យ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានមកដល់ និងទាក់ទងទៅជំនាញចរាចរណ៍ឲ្យចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្ក និងរ៉ឺម៉កម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយតាមនិតិវិធីនៅពេលក្រោយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner