អាជ្ញាធរជប៉ុនបញ្ជាឱ្យប្រជាជន៧ម៉ឺន៥ពាន់នាក់ភៀសខ្លួនជាបន្ទាន់ ខណៈភ្លៀងធ្លាក់ដ៏ខ្លាំងក្លាវាយប្រហារភាគខាងលិចប្រទេស
ជប៉ុន៖ ប្រជាជន៧ម៉ឺន៥ពាន់នាក់បានទទួលបទបញ្ជាឱ្យជម្លៀសខ្លួន ទៅកាន់ទីសុវត្ថិភាពជាបណ្តោះអាសន្ននៅភាគខាងលិចប្រទេសជប៉ុន នៅថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) ខណៈការធ្លាក់ភ្លៀងដ៏ខ្លាំងក្លាបានបង្កជារគ្រោះបាក់ដី និងទឹកជំនន់ បណ្តាលឱ្យមនុស្សជាច្រើនត្រូវជាប់គាំង និង១៣នាក់បាត់ខ្លួន នេះបើតាមប្រភពពីអាជ្ញាធរ និងប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុន ។
ជាមួយគ្នានេះ ទីភ្នាក់ងារឧតុនិយមជាតិរបស់ជប៉ុនបានចេញសេចក្តីប្រកាសអាសន្នក្នុងកម្រិតខ្ពស់បំផុត ដោយព្រមានពីការធ្លាក់ភ្លៀងធ្លាក់ដ៏ខ្លាំងក្លានៅឯកោះគូម៉ាម៉ូតុ និងកោះកាហ្គោស៊ីម៉ាដែលស្ថិតនៅក្នុងប្រជុំកោះគ្យូស៊ុ ។ បច្ចុប្បន្នក្រុមសង្គ្រោះបាននឹងកំពុងស្វែងរកមនុស្ស០៣នាក់នៅលើកោះគូម៉ាម៉ូតុ បន្ទាប់ពីគ្រោះរអិលបាក់ដីបានបាក់សង្កត់ពីលើលំនៅដ្ឋានរបស់ពួកគេ នេះបើតាមប្រភពពីកាសែត NHK ។
មន្រ្តីមួយរូបនៅលើកោះគូម៉ាម៉ូតុបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា យើងបានចេញសេចក្តីប្រកាសឱ្យជម្លៀសខ្លួនប្រជាជន បន្ទាប់ពីមានការធ្លាក់ភ្លៀងយ៉ាងគំហុក ហើយថា យើងក៏បានជម្រុញឱ្យពួកគេចាត់វិធានការការពារអាយុជីវិតខ្លួនពួកគេ ខណៈភ្លៀងនៅតែបន្តធ្លាក់ចុះយ៉ាងខ្លាំងក្លានោះ ៕ធ.ដ



