ថៃនឹងដំណើរការបណ្ដាញអ៊ីនធឺណិត៥G នៅឆ្នាំក្រោយ
អត្ថបទដោយ៖
Kien Sereyvuth
ថៃនឹងដាក់ដំណើរការគម្រោងបណ្តាញអ៊ីនធឺណិតជំនាន់ទី៥ (5G) ចាប់ពីឆ្នាំ២០២០ខាងមុខតទៅ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិលបាល កាលពីពេលថ្មីៗនេះ។

លោក Somkid Jatusripitak ឧបនាយករដ្ឋមន្ត្រីថៃ នៅក្នុងកម្មវិធីរបស់ក្រុមហ៊ុនទូរសព្ទចិនមួយ បានឲ្យដឹងថា គណៈកម្មាធិការផ្សព្វផ្សាយ និងទូរគមនាគមន៍ជាតិថៃ (NBTC) នឹងត្រូវទទួលរ៉ាប់រងចំពោះគម្រោង 5G ហើយ NBTC ក៏នឹងត្រូវពិភាក្សាការអភិវឌ្ឍនេះជាមួយនឹងវិស័យឯកជនជាមុនសិនផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ក្រោយពេលដំណើរការ 5G រួច សេដ្ឋកិច្ចរបស់ថៃអាចនឹងហក់ឡើងជាងមុនបានចំនួន ៥% ជាពិសេសនៅក្នុងទម្រង់ការបើកអាជីវកម្មថ្មី ឬក៏សហគ្រាសខ្នាតតូច និងខ្នាតមធ្យម។ បច្ចុប្បន្ន ពលរដ្ឋថៃមានទូរសព្ទប្រើប្រាស់សរុបចំនួន១២១លានគ្រឿង ហើយនៅក្នុងនោះ មានតែ៤០លានគ្រឿងប៉ុណ្ណោះដែលប្រើប្រាស់អ៊ីនធឺណិត៕ធ.ដ

