បុរសម្នាក់ត្រូវរថយន្តក្រុងកិនខ្ទេចភ្លៅឆ្វេង នៅខណ្ឌឫស្សីកែវ
ភ្នំពេញ៖ បុរសម្នាក់បានរបួសបែកសាច់ភ្លៅខ្ទេច និងត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកទៅឯមន្ទីពេទ្យភ្លាមៗ បន្ទាប់ពីជនរងគ្រោះជិះម៉ូតូទាក់ដៃចង្កូតជាមួយកង់បីឥណ្ឌាដួលចូលក្រោមរថយន្តក្រុងដឹកអ្នកដំណើរសូរីយាមួយគ្រឿង កាលពីវេលាម៉ោង៨ និង៤៥នាទីយប់ថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០១៩ នៅផ្លូវជាតិលេខ៥ មុខចំណតរថយន្តក្រុង City Bus និងឃ្លាំងសាំង ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ឈឿន ភេទប្រុស អាយុ៤០ឆ្នាំជាង មុខរបរអ្នកយាមដៃដាក់ត្រី រស់នៅភូមិគីឡូលេខ៧ សង្កាត់ច្រាំងចម្រេះទី២ ខណ្ឌឫស្សីកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ ប.5304ភព១ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងមកជើង។ មកដល់ចំណុចកើតហេតុ ស្រាប់តែទាក់ដៃចង្កូតជាមួយកង់បីឥណ្ឌា ដួលចូលក្រោមកង់រថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនភ្នំពេញសូរិយាដឹកអ្នកដំណើរ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3B-6685 ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឱ្យជនរងគ្រោះរងរបួសបែកសាច់ភ្លៅខាងឆ្វេងខ្ទេចតែម្តង ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋទាក់ទងហៅសមត្ថកិច្ច និងហៅរថយន្តសាមុយរបស់មន្ទីរពេទ្យកាល់ម៉ែត្រ មកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរ។

ចំណែកតៃកុងរថយន្តមើលសភាពមិនស្រួលបានរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។ ចំពោះម៉ូតូ និងរថយន្តក្រុង ត្រូវបានសមត្ថកិច្ចផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវចុះមកធ្វើការវាស់វែង និងយកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយបន្តទៅតាមផ្លូវច្បាប់៕ធ.ដ
