មនុស្ស១៤នាក់ស្លាប់ ដោយសារខ្យល់ព្យុះកំណាចវាយប្រហារសហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក៖ អាជ្ញាធរក្នុងតំបន់បានរាយការណ៍ថា មនុស្ស១៤នាក់បានបាត់បង់ជីវិត ដោយសារតែខ្យល់ព្យុះ ថូណាដូ នៅរដ្ឋអាឡាបាម៉ា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ហើយព្យុះធំៗបានបំផ្លាញផ្ទះចល័ត ផ្លួលរំលំដើមឈើ និងបំផ្លិចបំផ្លាញជាទូទៅ ហើយការព្រមានអំពីអាកាសធាតុត្រូវបានពង្រីកដល់រដ្ឋ ចចជៀ រដ្ឋផ្លរីដា និងរដ្ឋ ខារ៉ូលីណា ខាងត្បូង។

ទន្ទឹមគ្នានោះដែរ ក្រុមអ្នកជួយសង្គ្រោះបានរួសរាន់ទៅកាន់ ខាន់លី ខោនធី ក្នុងរដ្ឋ អាឡាបាម៉ា បន្ទាប់ពីការវាយប្រហារដោយខ្យល់ព្យុះ ថូណាដូ ដ៏ធំកាលពីរសៀលថ្ងៃអាទិត្យម្សិលមិញនេះ។
បើតាមអាជ្ញាធរក្នុងតំបន់បានបញ្ជាក់ថា ពេលនេះ ពួកគេអាចនិយាយបានថា មនុស្សស្លាប់មានចំនួន១៤នាក់ ហើយថា ការស្វែងរកនៅបន្ត ដោយយើងនៅមានមនុស្សបាត់ខ្លួនខ្លះ។

គួរបញ្ជាក់ថា ការគំរាមគកំហែងដោយសារតែអាកាសធាតុអាក្រក់ ត្រូវរំពឹងថា នឹងបន្តហូសបន្លាយពេលរហូតដល់ល្ងាចថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ហើយការតាមឃ្លាំមើលដំណើររបស់ព្យុះមាននៅរដ្ឋ ចចជៀ ខាងកើត ខណៈព្យុះនេះក៏វាយប្រហារនៅផ្នែកដ៏ធំនៃរដ្ឋ ខារ៉ូលីណា ខាងត្បូង ផងដែរ៕ធ.ដ

